ចិនជំរុញឱ្យភាគីទាំងអស់នៅសមុទ្រក្រហមរក្សាសុវត្ថិភាពនៅតាមផ្លូវដឹកជញ្ជូន
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសចិនបានអំពាវនាវកាលពីថ្ងៃចន្ទ ឱ្យភាគីទាំងអស់នៅក្នុងសមុទ្រក្រហមរក្សាសុវត្ថិភាពនៅតាមផ្លូវដឹកជញ្ជូន ដោយបានកត់សម្គាល់ថា ទីក្រុងប៉េកាំងនឹងបន្តរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅសមុទ្រក្រហម។
ការកត់សម្គាល់របស់ទីក្រុងប៉េកាំងខាងលើនេះ បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយដែលស្នើឡើងថា ប្រទេសចិនអាចមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដែលគាំទ្រដល់ក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែន មិនមែនដើម្បីវាយប្រហារលើនាវាដែលគ្រប់គ្រងដោយចិននោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន ៩Lin Jian)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា «សមុទ្រក្រហម គឺជាផ្លូវដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិចំពោះទំនិញ និងថាមពល»។
លោក លីន បាននិយាយបន្ថែមថា «ប្រទេសចិនប្រឆាំងនឹងការយាយីទៅលើនាវាស៊ីវិល ហើយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នារក្សាសុវត្ថិភាពនៅតាមផ្លូវដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហមស្របតាមច្បាប់»។
លោក លីន បាននិយាយថា ទីក្រុងប៉េកាំងបាននិងកំពុងដើរតួនាទីវិជ្ជមានក្នុងការកាត់បន្ថយភាពតានតឹង ចាប់តាំងពីការកើនឡើងនៃស្ថានភាពតានតឹងនៅសមុទ្រក្រហមមក។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ មក ក្រុមឧទ្ទាមហ៊ូធីបានកំណត់គោលដៅទៅលើនាវាដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហមឈូងសមុទ្រអាឌែន និងសមុទ្រអារ៉ាប់ ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលនៅទីនោះមនុស្សជាង ៦១.៣០០នាក់ត្រូវបានម្លាប់នៅក្នុងអំពើប្រល័យពូជសាសន៍អ៊ីស្រាអែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





