ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្កោលទោសចំពោះការសម្លាប់អ្នកកាសែត ៦នាក់ដោយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទបានថ្កោលទោសចំពោះការសម្លាប់អ្នកកាសែតចំនួន ៦នាក់ដោយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយបានពណ៌នាការវាយប្រហារនោះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ។
ការិយាល័យនោះបាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) ថា «យើងសូមថ្កោលទោសចំពោះការសម្លាប់ដោយយោធាអ៊ីស្រាអែលទៅលើអ្នកកាសែតប៉ាឡេស្ទីនចំនួន ៦នាក់ ដោយកំណត់គោលដៅទៅលើតង់ស្នាក់នៅរបស់ពួកគេ ដែលវាជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់មនុស្សធម៌អន្តរជាតិ។ អ៊ីស្រាអែលត្រូវតែគោរព និងការពារជនស៊ីវិលទាំងអស់ រួមទាំងអ្នកកាសែតផងដែរ»។
យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្គាហ្សា បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅទៅលើតង់ស្នាក់នៅរបស់អ្នកកាសែតដែលនៅជិតមន្ទីរពេទ្យអាល់-ស៊ីហ្វា នៅភាគខាងលិចទីក្រុងហ្គាហ្សា កាលពីល្ងាចថ្ងៃអាទិត្យ ដោយបានសម្លាប់អ្នកកាសែតចំនួន៦នាក់ រួមទាំងអ្នកឆ្លើយឆ្លងព័ត៌មានរបស់អាល់ ចាហ្ស៊ីរ៉ា លោក អាណាស់ អាល់-សារីហ្វ (Anas al-Sharif) និងលោក ម៉ូហាម៉េដ ក្រៃគៀ (Mohamed Qraiqea) ផងដែរ។
ដោយបានកត់សម្គាល់ថា យ៉ាងហោចណាស់អ្នកកាសែតប៉ាឡេស្ទីនចំនួន ២៤២នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ខែតុលា ឆ្នាំ២០២៣ មក ការិយាល័យនេះបានទទូចថា «យើងសូមអំពាវនាវជាបន្ទាន់ សូមឱ្យអ្នកសារព័ត៌មានទាំងអស់អាចចូលទៅកាន់ហ្គាហ្សាដោយសុវត្ថិភាព និងមិនមានការរារាំងអ្វីទាំងអស់»។
អ៊ីស្រាអែលកំពុងប្រឈមមុខនឹងការថ្កោលទោសកាន់តែខ្លាំងចំពោះសង្គ្រាមប្រល័យពូជសាសន៍របស់ខ្លួននៅតំបន់ហ្គាហ្សា ជាកន្លែងដែលបានសម្លាប់ជនរងគ្រោះជាង ៦១.៤០០នាក់ចាប់តាំងពីខែតុលាឆ្នាំ២០២៣ មក។ យុទ្ធនាការយោធាបានបំផ្លិចបំផ្លាញតំបន់ជុំវិញដែលកំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





