វិមានក្រឹមឡាំងបញ្ជាក់ថា ជំនួបកំពូលរវាងលោក ពូទីន និងលោក ត្រាំ នឹងប្រព្រឹត្តទៅក្នុងរដ្ឋអាឡាស្កា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ -- ជំនួយការរបស់វិមានក្រឹមឡាំង លោក យូរី យូស្សាកូវ (Yury Ushakov) បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងសមភាគីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងជួបប្រជុំគ្នានៅក្នុងរដ្ឋអាឡាស្កា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ជំនួយការវិមានក្រឹមឡាំងបាននិយាយថា «ភាគីសហរដ្ឋអាមេរិកទើបតែបានប្រកាសថា កិច្ចព្រមព្រៀងមួយត្រូវសម្រេចបានដើម្បីរៀបចំកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៥ ខែសីហាឆ្នាំ២០២៥ នៅរដ្ឋអាឡាស្កា។ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក គឺជាអ្នកជិតខាងជិតស្និទ្ធដែលមានព្រំប្រទល់ជាប់គ្នា។ វាហាក់ដូចជាសមហេតុផលណាស់ដែលគណៈប្រតិភូរបស់យើងគួរតែហោះហើរឆ្លងកាត់ច្រកសមុទ្របឺរីង ហើយកិច្ចប្រជុំកំពូលដ៏សំខាន់ និងរង់ចាំជាយូរមកហើយបែបនេះរវាងមេដឹកនាំនៃប្រទេសទាំងពីរ គួរតែធ្វើឡើងនៅទីនោះ»។
នៅពេលមុននេះ លោក ត្រាំ បាននិយាយថា លោកសង្ឃឹមថានឹងជួបជាមួយសមភាគីរុស្ស៊ីរបស់លោកនៅរដ្ឋអាឡាស្កានៅថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៥ ខាងមុខនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើសេចក្តីប្រកាសនេះនៅលើទំព័របណ្តាញសង្គម Truth Social របស់លោក។ជំនួបនេះនឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរបស់ពួកគេចាប់តាំងពីលោកត្រាំ បានត្រឡប់ទៅកាន់សេតវិមានវិញកាលពីក្នុងខែមករា ឆ្នាំ២០២៥។
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ជំនួយការរបស់វិមានក្រឹមឡាំងលោក យូរី យូស្សាកូវ បានប្រកាសថា រុស្ស៊ី និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នានៅក្នុងជំនួបរវាងមេដឹកនាំទាំងពីរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នៅថ្ងៃដដែលនោះ លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ពីការរៀបចំសម្រាប់កិច្ចប្រជុំជាមួយលោក ត្រាំ ដោយកត់សម្គាល់ពីចំណាប់អារម្មណ៍ទៅវិញទៅមកនៅក្នុងកិច្ចប្រជុំទ្វេភាគី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





