លោក ស្តាម័រ និងលោក ម៉ាក្រុន មានបំណងធ្វើការជាមួយលោក ត្រាំ ចំពោះដំណោះស្រាយនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ -- ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក គ័រ ស្តាម័រ (Keir Starmer) បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ពួកគេបានពិភាក្សាគ្នាអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងប្រទេសអ៊ុយក្រែន ដោយបានបញ្ជាក់ឡើងវិញនូវការគាំទ្រឥតងាករេរបស់ពួកគេចំពោះប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី និងការធានាសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងសម្រាប់ប្រជាជនអ៊ុយក្រែន»។
យោងតាមការិយាល័យនោះ បានឱ្យដឹងថា ពួកគេបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ហើយបានពិភាក្សាអំពីវិធីដើម្បីបន្តធ្វើការងារឱ្យបានយ៉ាងជិតស្និទ្ធជាមួយលោក ត្រាំ និងលោក ហ្សេលេនស្គី នៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក ស្តាម័រ និងលោក ម៉ាក្រុន «ព្រមព្រៀងគ្នារក្សាទំនាក់ទំនងឱ្យបានជិតស្និទ្ធ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





