អាស៊ានជំរុញការផ្លាស់ប្តូរឌីជីថល និងនិរន្តរភាពនៅវេទិកាអភិវឌ្ឍន៍សហគមន៍ធុរកិច្ចអាស៊ានឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ -- បណ្តាមេដឹកនាំធុរកិច្ច និងមន្ត្រីរដ្ឋាភិបាលជាង ៤៥០នាក់មកពីទូទាំងតំបន់អាស៊ាន បានជួបជុំផ្តុំគ្នានៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី០៧-០៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងវេទិកាអភិវឌ្ឍន៍សហគមន៍ធុរកិច្ចអាស៊ានឆ្នាំ២០២៥ (ABCD 2025)។
ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមប្រធានបទស្តីពី «ការពង្រឹងនៃការឆ្ពោះទៅមុខរបស់អាស៊ាន៖ ការផ្លាស់ប្តូរឌីជីថល និរន្តរភាព និងសហគ្រិនភាព»បានប្រមូលផ្តុំដោយរដ្ឋមន្ត្រី នាយកប្រតិបត្តិ និងអ្នកជំនាញឧស្សាហកម្មកំពូល ដើម្បីពិភាក្សាអំពីអាទិភាពសំខាន់ៗនៃវិស័យសេដ្ឋកិច្ចក្នុងតំបន់។
វេទិកានេះបានលើកឡើងនូវប្រធានបទស្នូលចំនួនបី គឺការធ្វើមាត្រដ្ឋានអនាគតឌីជីថលរបស់អាស៊ាន ការកសាងអាស៊ានបៃតង និងការបញ្ចេញស្មារតីសហគ្រិនភាពរបស់អាស៊ាន។ ការពិភាក្សាជាក្រុម ផ្តោតសំខាន់ទៅលើការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសតាមរយៈការទូទាត់តាមប្រព័ន្ធឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងវេទិកាឆ្លងព្រំដែន។
ការសង្កត់ធ្ងន់យ៉ាងសំខាន់មួយត្រូវបានដាក់ចេញ ស្តីពីការវិនិយោគនៅក្នុងគំនិតផ្តួចផ្តើមផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងគំរូសេដ្ឋកិច្ចរាងជារង្វង់ ដើម្បីធានាបាននូវអនាគតបៃតង និងនិរន្តរភាពបន្ថែមទៀតសម្រាប់អាស៊ាន។ លើសពីនេះទៀត វេទិកានេះបានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងការចាប់ផ្ដើមអាជីវកម្ម ដោយធ្វើការតស៊ូមតិសម្រាប់ការបង្កើនលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុ និងយន្តការគាំទ្រនានា។
នៅក្នុងសុន្ទរកថារបស់លោក រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក តេងគូ ហ្សាហ្រ្វុល អាប់ឌុល អាហ្ស៊ីស (Tengku Zafrul Abdul Aziz) បានអំពាវនាវដល់បណ្តាក្រុមហ៊ុនរបស់ម៉ាឡេស៊ី ជាពិសេសសហគ្រាសធុនតូច និងមធ្យម ឱ្យធ្វើការជំរុញការប្រកួតប្រជែងជាសកលរបស់ពួកគេដើម្បីស្វែងរកបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មនិងពន្ធ។
ចំពេលមានការកើនឡើងនូវលទ្ធិគាំពារនិយម លោក តេងគូ ហ្សាហ្រ្វុល បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការវិលត្រឡប់ទៅកាន់មូលដ្ឋានសម្រាប់ធុរកិច្ចម៉ាឡេស៊ី និងអាស៊ាន។ តាមរយៈការរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក ក្រុមហ៊ុនអាចទប់ទល់នឹងរបាំងពន្ធគយ និងមិនមែនពន្ធបានប្រសើរជាងមុន។
វេទិកា ABCD 2025 ត្រូវបានគេរំពឹងថានឹងផ្តល់នូវអនុសាសន៍គោលនយោបាយសំខាន់ៗ ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ និងបង្កើតផែនទីបង្ហាញផ្លូវរួមមួយសម្រាប់កំណើនសេដ្ឋកិច្ចរបស់អាស៊ានឆ្ពោះទៅមុខ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





