ខួបលើកទី៥៨ នៃការបង្កើតអាស៊ាន បង្ហាញពីការឯកភាព និងវប្បធម៌
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ បានប្រារព្ធខួបលើកទី៥៨ នៃការបង្កើតអាស៊ាន កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ជាមួយនឹងការប្រារព្ធពិធីដ៏រស់រវើកនៅឯទីក្រុងសាយប័រចាយ៉ា ដោយរួមបញ្ចូលគ្នានូវពិធីផ្លូវការជាមួយនឹងពិធីបុណ្យវប្បធម៌ចម្រុះពណ៌។
ភ្ញៀវចូលរួមជាង ៧០០នាក់ រួមទាំងថ្នាក់ដឹកនាំ អ្នកការទូត ប្រជាជន និងមិត្តភ័ក្តិអន្តរជាតិបានប្រែក្លាយទីក្រុងនោះទៅជា «អាស៊ានតូចមួយ» ដោយនាំយកនូវប្រធានបទ «ឆ្ពោះទៅរកអនាគតអាស៊ានប្រកបដោយបរិយាប័ន្ននិងចីរភាព» តាមរយៈការសម្តែង ការផ្លាស់ប្តូរយ៉ាងកក់ក្តៅ និងប្រពៃណីចែករំលែក។
ការសម្តែងជាចម្បងបានបង្ហាញពីលំហូរនៃការតាំងបង្ហាញវប្បធម៌ ចាប់ពីរបាំហ្សាពីន (Zapin) ដ៏គួរឱ្យទាក់ទាញរបស់ប្រទេសម៉ាឡេស៊ី និងការសម្តែងចម្រៀងកូរ៉ាល់ រហូតដល់ការបង្ហាញសិល្បៈចម្រុះនៃប្រជាជាតិអាស៊ានដទៃទៀត។ ស្តង់ពិព័រណ៍ផ្តល់ជូននូវផលិតផលដ៏ល្អៗ ដូចជាក្រណាត់បាទីក និងសុងកេត របស់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ម្រ័ក្សណ៍ខ្មុករបស់មីយ៉ាន់ម៉ា កាហ្វេដ៏សម្បូរបែបរបស់វៀតណាម និងចំណីអាហារឆ្ងាញ់ៗក្នុងតំបន់។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)បានសង្កត់ធ្ងន់ថា អាស៊ានមិនមែនគ្រាន់តែជាប្លុកនៃរដ្ឋាភិបាលប៉ុណ្ណោះទេប៉ុន្តែជាសហគមន៍ប្រជាជនដែលប្តេជ្ញាចិត្តចំពោះអនាគតប្រកបដោយបរិយាប័ន្ន និរន្តរភាព និងវប្បធម៌សម្បូរបែប។ លោកបានថ្លែងថា ខួបលើកនេះបានបញ្ជាក់ឡើងវិញនូវតម្លៃនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងពិភពលោកដ៏ចលាចលមួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





