៥ក្រុមប្រជែងបាន៣ពិន្ទុ សប្តាហ៍ទី១ លីគកំពូលកម្ពុជា រដូវកាលថ្មី
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥--ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឬហៅថា លីគកំពូលកម្ពុជាបានដំណើរការប្រកួតប្រជែងរដូវកាលថ្មី ២០២៥-២០២៦ ហើយសម្រាប់សប្តាហ៍ទី១ ដោយមាន៥ប្រកួត គឺមាន៥ក្រុមរកបាន៣ពិន្ទុដូចគ្នាពីលើគូប្រកួតរៀងៗខ្លួន មិនមានលទ្ធផលស្មើគ្នានោះទេ។

សម្រាប់ជំនួប៣ប្រកួត កាលពីយប់ ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ រួមមាន៖ ក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាលមុន ព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមណាហ្គាវើលដ៍ ៣-០, ក្រុម M.O.I កំពង់ដេវ៉ា បានចាញ់អង្គរថាយហ្គឺរ ៣-៦ ខណៈអាយអេសអាយដង្កោសែនជ័យបានប្រកួតចាញ់ក្រុមគិរីវង់សុខសែនជ័យ ១-២។ ចំពោះ២ប្រកួតកាលពីល្ងាចថ្ងៃសៅរ៍ ទី០៩ ខែសីហា រួមមាន៖ ក្រុមឡាយហ្វខេត្តព្រះសីហនុ ចាញ់ បឹងកេត ០-២ ខណៈក្រុមទ័ពបានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ២-១។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាលថ្មី ២០២៥-២០២៦នេះមាន១១ក្រុមចូលរួមប្រកួតប្រជែងជើងឯក ដូចរដូវកាលមុនដែរ។ ការប្រកួតត្រូវប្រើប្រាស់រយៈពេលសរុបចំនួន២២សប្តាហ៍ សម្រាប់ការប្រកួតសន្សំពិន្ទុចំនួន២ជើងក្នុងដី និងក្រៅដី។ ក្រោយបញ្ចប់ការប្រកួតនេះនឹងជ្រើសរើសក្រុមមានចំណាត់ថ្នាក់៦ក្រុមខាងលើ និង៥ក្រុមខាងក្រោម។ ចំពោះ៦ក្រុមខាងលើនឹងបន្តប្រកួតសន្សំពិន្ទុបូកបន្ថែមនឹងពិន្ទុពីជុំទី១ រហូតដល់ស្វែងរកឃើញក្រុមជើងឯកតែម្តង៕



ដោយ ហេង ណាលីន (រូបភាព៖ CPL)





