ក្រុមនារី U20 កម្ពុជាស្មើ ស៊ីរី ០-០ បញ្ចប់ពូល E AFC U-20 Women's Asian Cup
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥--ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំបានបញ្ចប់បេសកកម្មហើយ នៅក្នុងការប្រកួតជម្រុះប្រចាំពូល E នៃពានរង្វាន់ AFC U-20 Women's Asian Cup នៅប្រទេសចិន បន្ទាប់ពីជំនួបចុងក្រោយបានរក្សាស្មើ គ្នា ០ទល់០ ជាមួយក្រុមនារី U20 ស៊ីរី កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។

ក្រុមនារី U20 កម្ពុជា រក្សាបានលទ្ធផលស្មើគ្នា ០ទល់០ ជាមួយក្រុមនារី U20 ស៊ីរី ដោយមិនមានក្រុមណាបំបែកពងមាន់បានឡើយ។ នៅក្នុងការប្រកួតសន្សំពិន្ទុក្នុងវគ្គជម្រុះពូល E ដែលប្រទេសចិនទទួលធ្វើម្ចាស់នេះ គឺមានតែក្រុមនារី U20 ចិន មួយប៉ុណ្ណោះដែលបានឡើងទៅប្រកួតបន្តនៅជុំផ្តាច់ព្រ័ត្រ ក្រោយឆ្លងកាត់៣ប្រកួតឈ្នះទាំង៣ប្រកួតមាន ៩ពិន្ទុ។ រីឯ៣ក្រុមទៀត ដូចជាក្រុនារី លីបង់, ស៊ីរី និងកម្ពុជាបានធ្លាក់ចេញត្រឹមវគ្គជម្រុះនេះ។ ឆ្លងកាត់៣ប្រកួតដូចៗគ្នា គឺក្រុមលីបង់ ទទួលបាន ៦ពិន្ទុ ក្រោយឈ្នះ២ និងចាញ់១ប្រកួត ស្របពេលដែលស៊ីរី និងក្រុមកម្ពុជា ចាញ់២ប្រកួត និងស្មើ១ប្រកួតដូចៗគ្នា។

គួរបញ្ជាក់ថា លទ្ធផលក្រោយបញ្ចប់វគ្គជម្រុះនៃពូលទាំង៨នេះ ពីថ្ងៃទី០៦-១០ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសជាម្ចាស់ផ្ទះទាំង៨ផ្សេងៗពីគ្នា គឺ១១ក្រុមត្រូវឡើងទៅប្រកួតបន្ត នៅជុំផ្តាច់ព្រ័ត្រ ក្នុងនោះ ៨ក្រុមដែលជាក្រុមចំណាត់ថ្នាក់លេខ១ រួមមាន៖ កូរ៉េខាងជើង វៀតណាម អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន អ៊ូសបេគីស្ថាន កូរ៉េខាងត្បូង ខណៈ៣ក្រុមទៀត ដែលជាក្រុមចំណាត់ថ្នាក់លេខ២ ល្អផ្តាច់គេ ដែលត្រូវឡើងជុំផ្តាច់ព្រ័ត្រដែរនោះ រួមមាន៖ ក្រុមហ្ស៊កដានី បង់ក្លាដែស និងឆាយនិសតៃប៉ិ។ ការប្រកួតជុំផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៦ ខាងមុខ នៅប្រទេសថៃ ដោយក្រុមនារី U20 ថៃ រង់ចាំស្រាប់ នៅជុំផ្តាច់ព្រ័ត្រ សរុប១២ក្រុម៕



ដោយ ហេង ណាលីន (រូបភាព៖ FFC)





