ឥណ្ឌូណេស៊ីសម្លឹងមើលការផលិតធ្យូងថ្មជាង ៧០០លានតោនក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងថាមពល និងធនធានរ៉ែរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះត្រូវបានគេព្យាករណ៍ថានឹងផលិតធ្យូងថ្មច្រើនជាង ៧០០លានតោននៅចុងឆ្នាំ២០២៥។
គិតត្រឹមឆមាសទីមួយនៃឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ីបានផលិតធ្យូងថ្មចំនួន ៣៧១,៦៦លានតោន បានធ្លាក់ចុះបន្តិចពីចំនួន ៤០៦,០៦លានតោនដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបានកំណត់គោលដៅផលិតកម្មធ្យូងថ្មចំនួន ៧៣៥លានតោនសម្រាប់ឆ្នាំ២០២៥។
លោក ទ្រី វីណាណូ (Tri Winarno) អគ្គនាយកនៃក្រសួងរ៉ែ និងធ្យូងថ្ម បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅការិយាល័យរបស់លោកក្នុងទីក្រុងហ្សាកាតាថា «យើងពិតជានឹងផលិតបាន ៧០០លានតោន។ ឥឡូវនេះយើងផលិតបានពាក់កណ្តាលហើយ» ។
ធ្យូងថ្មនៅតែជាប្រភពថាមពលចម្បងរបស់ប្រទេសឥណ្ឌូណេស៊ី ជាពិសេសសម្រាប់ការផលិតអគ្គិសនី ទោះបីជាប្រទេសនេះបាននឹងកំពុងជំរុញឱ្យអភិវឌ្ឍជម្រើសថាមពលបៃតងក៏ដោយ។
នៅឆ្នាំ២០២៤ ផលិតកម្មធ្យូងថ្មសរុបរបស់ប្រទេសឥណ្ឌូនេស៊ីបានឈានដល់ ៨៣៦លានតោន បានកើនឡើងពី ៧៧៥លានតោនក្នុងឆ្នាំ២០២៣។ ទាក់ទងនឹងការនាំចេញ ប្រទេសនេះបាននាំចេញធ្យូងថ្មចំនួន ១៨៥,៩៨លានតោនក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ បានធ្លាក់ចុះ ៦,១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





