ឥណ្ឌូណេស៊ី និងណូវែលហ្សេឡង់ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញពាណិជ្ជកម្ម និងកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី លោក អានឌី អាមរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសនូវែលសេឡង់ លោក តូដ ម៉ាកក្លាយ (Todd McClay) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគីលើទំនិញកសិកម្ម។
លោក ស៊ូឡៃម៉ាន បាននិយាយថា «កិច្ចសហការនេះ គឺជាយុទ្ធសាស្ត្រខ្ពស់ចំពេលស្ថានភាពពាណិជ្ជកម្មពិភពលោកបច្ចុប្បន្នដែលពោរពេញទៅដោយបញ្ហាប្រឈម និងភាពមិនច្បាស់លាស់»។
លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីបានផ្តល់ទំនិញនាំចេញសំខាន់ៗទៅកាន់ប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន រួមមានប្រេងដូងឆៅ កៅស៊ូ កាកាវ និងកាហ្វេ ដោយលោកបានសង្កត់ធ្ងន់ថា ភាពជាដៃគូតំណាងឱ្យការបោះជំហានទៅមុខប្រកបដោយផលប្រយោជន៍ទៅវិញទៅមក ជាពិសេសចំពោះស្ថានភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោកដែលកាន់តែស្មុគស្មាញ និងមិនច្បាស់លាស់។
ទន្ទឹមនឹងនេះ លោក ម៉ាកក្លាយ បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការនេះក៏ត្រូវបានពង្រីកផងដែរ ដើម្បីរួមបញ្ចូលការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍កសិកម្ម សំដៅជំរុញផលិតកម្ម និងលើកកម្ពស់សន្តិសុខស្បៀងនៅក្នុងប្រទេសទាំងពីរ។
លោកបានគូសបញ្ជាក់បន្ថែមថា ប្រទេសឥណ្ឌូនេស៊ី គឺជាដៃគូដ៏សំខាន់សម្រាប់ប្រទេសនូវែលសេឡង់ក្នុងការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





