ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃធ្លាក់ចុះ ៦,៥%
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ -- ការទៅដល់របស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃបានធ្លាក់ចុះ ៦,៥៦% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ១៩,៥៧លាននាក់ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៥។ នេះបើយោងតាមក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ។
ប្រទេសចិនបានដណ្តើមយកតំណែងរបស់ខ្លួនជាទីផ្សារប្រភពធំបំផុតរបស់ទេសចរណ៍ថៃដោយមានអ្នកទៅកម្សាន្តនៅក្នុងប្រទេសថៃចំនួន ២,៧៣លាននាក់ក្នុងរយៈពេលនេះ។
កាលពីមុន ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃបានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ការទៅដល់នៃភ្ញៀវទេសចរបរទេសនៅក្នុងឆ្នាំនេះមកនៅត្រឹម ៣៤,៥លាននាក់ ពីការព្យាករពីមុនដែលមានចំនួន ៣៦,៥លាននាក់ ដែលវានៅតែទាបជាងតួលេខនៃកំណត់ត្រាប្រមាណជិត ៤០លាននាក់កាលពីក្នុងឆ្នាំ២០១៩ មុនពេលមានការការរាតត្បាតជំងឺកូវីដ-១៩។
អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយនៅក្នុងសប្តាហ៍នេះថា គោលដៅនៃការទទួលភ្ញៀវទេសចរណ៍ឱ្យបាន ១លាននាក់សម្រាប់ទីផ្សារមជ្ឈិមបូព៌ា និងអាហ្រ្វិកនៅក្នុងឆ្នាំនេះនៅតែមានបញ្ហាប្រឈម ដោយសារតែជម្លោះផ្នែកភូមិសាស្ត្រនយោបាយ ប៉ុន្តែប្រទេសនេះនៅតែមានឱកាសពីការបើកជើងហោះហើរថ្មីក្នុងរដូវរងារនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





