ទំហំពាណិជ្ជកម្មរបស់ក្រុមប្រទេសប្រ៊ីកស៍មានចំនួនជាង ៤៥% នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ -- យោងតាមក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (MITI) របស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ីជាមួយក្រុមប្រទេសប្រ៊ីកស៍ (BRICS) បានកើនឡើងដល់ ៨១៨ពាន់លានរីងហ្គីត (១៩៣,៤៧ពាន់លានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំ២០២៤ ដែលស្មើនឹង ៣៥,២% នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសនេះ។
ក្រសួងបាននិយាយថា ការវិនិយោគពីបណ្តាប្រទេសប្រ៊ីកស៍មានចំនួន ១០៤,៩ពាន់លានរីងហ្គីតកាលពីឆ្នាំមុន ដោយបានកត់សម្គាល់ថា ស្ថានភាពដៃគូជាមួយក្រុមប្រទេសប្រ៊ីកស៍ អនុញ្ញាតឱ្យម៉ាឡេស៊ីស្វែងរកការចូលទៅកាន់ទីផ្សារថ្មី និងទាក់ទាញដើមទុនបន្ថែម។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ប្រ៊ីកស៍ (BRICS) ដែលបាននិយាយថា ទោះបីជាម៉ាឡេស៊ីមិនទាន់ក្លាយជាសមាជិកពេញលេញនៃក្រុមប្រទេសប្រ៊ីកស៍ក៏ដោយ ក៏វាទទួលបានអត្ថប្រយោជន៍រួចទៅហើយពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៃសមាគមនេះ ដោយសារពួកគេភាគច្រើនជាដៃគូពាណិជ្ជកម្ម និងប្រភពស្ថិរភាពនៃការវិនិយោគបរទេសនៅក្នុងប្រទេសម៉ាឡេស៊ី។
នៅពេលមុននេះ ប្រមុខរដ្ឋាភិបាលរូបនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ីចំពោះតម្លៃដែលគាំទ្រសកម្មភាពរបស់ក្រុមប្រទេសប្រ៊ីកស៍។ លោកក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលប្រ៊ីកស៍លើកទី១៧ ដែលធ្វើឡើងនៅទីក្រុងរីយ៉ូ ដឺ ចាណីរ៉ូ របស់ប្រទេសប្រេស៊ីលកាលពីថ្ងៃទី០៦-០៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





