សមាជិកសន្តិសុខ ៣នាក់ និងអ្នកបើកបរម្នាក់បានស្លាប់ក្នុងការវាយប្រហារនៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ -- មន្ត្រីបាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ៤នាក់ រួមទាំងសមាជិក ៣នាក់នៃអង្គភាព Frontier Corps (FC) របស់ប្រទេសប៉ាគីស្ថាន និងអ្នកបើកបរម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារភេរវកម្មនៅខេត្តឃីបឺ ប៉ាកទុនខ្វា(Khyber Pakhtunkhwa) ភាគពាយ័ព្យរបស់ប្រទេសនេះ។
យោងតាមប៉ូលីសបានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងស្រុកការ៉ាក នៅពេលដែលសមាជិកសន្តិសុខកំពុងធ្វើដំណើរទៅបំពេញកាតព្វកិច្ច។
មន្ត្រីប៉ូលិសក្នុងតំបន់បានប្រាប់សារព័ត៌មានស៊ីនហួថា ក្រុមជនប្រដាប់អាវុធដែលមានទីតាំងនៅលើភ្នំមួយបានបើកការបាញ់ប្រហារមកលើរថយន្តសមាជិកសន្តិសុខដោយប្រើអាវុធធុនតូចបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅនឹងកន្លែង។
មន្ត្រីដដែលបាននិយាយថា បន្ទាប់ពីការវាយប្រហារនោះ កម្លាំងសន្តិសុខ និងប៉ូលីសបានឡោមព័ទ្ធជុំវិញតំបន់នោះ ហើយបានបើកប្រតិបត្តិការរុករកដើម្បីតាមដានអ្នកវាយប្រហារ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





