កូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម ពិភាក្សាអំពីស្ថានភាពសន្តិសុខ និងកិច្ចសហប្រតិបត្តិការអាវុធក្នុងវិស័យការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា មន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម (UAE) បានជួបពិភាក្សាគ្នាកាលពីថ្ងៃពុធ អំពីស្ថានភាពសន្តិសុខ និងវិធីដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអាវុធរបស់ពួកគេ។
ក្រសួងបាននិយាយថា កិច្ចប្រជុំគណៈកម្មាធិការដឹកនាំក្រសួងការពារជាតិរវាងអនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ដូហេ (Lee Doo-hee) និងសមភាគី UAE លោក អ៊ីប្រាហ៊ីម ណាសសឺ ម៉ូហាមមេដ អាល់ អាឡាវី (Ibrahim Nasser Mohammed Al Alawi) បានធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីព្រឹកមិញ។
ក្នុងជំនួបនោះ មន្ត្រីទាំងពីរបានឯកភាពពីការពង្រីកការហ្វឹកហ្វឺនរួមគ្នានិងផ្លាស់ប្តូរមន្ដ្រី ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងឧស្សាហកម្មអាវុធ និងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិ។
យោងតាមក្រសួង បានឱ្យដឹងថា ពួកគេក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗ រួមទាំងស្ថានភាពសន្តិសុខ ដែលក្នុងនោះមន្ត្រី UAE បានបង្ហាញការគាំទ្រចំពោះការសន្ទនា និងការទូតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ដើម្បីបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ លោក អាល់ អាឡាវី បានជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិ លោក អាន យូបាក (Ahn Gyu-back) ។ លោកគ្រោងនឹងទៅទស្សនកិច្ចមូលដ្ឋានទ័ពអាកាសកូរ៉េខាងត្បូងមួយនៅក្នុងទីក្រុងសាឆុន សម្រាប់ការហោះហើរសាកល្បងនៃយន្តហោះចម្បាំង KF-21 របស់ប្រទេសកូរ៉េខាងត្បូង៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





