រមណីយដ្ឋាននៅប៊ុលហ្គារីគួរតែមានភាពទាក់ទាញពេញមួយឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ -- ប្រធានរដ្ឋសភាប៊ុលហ្គារី លោកស្រី ណាតាលីយ៉ា គីសេឡូវ៉ា (Nataliya Kiselova) បាននិយាយកាលពីថ្ងៃពុធនៅឯរមណីយដ្ឋានប៉រ៉ូវេតស៍ (Borovets) ជាកន្លែងដែលលោកស្រីបានទៅទស្សនាព្រះវិហារនៃការប្រែរូបរបស់ព្រះអម្ចាស់ថារមណីយដ្ឋាននានានៅក្នុងប្រទេសប៊ុលហ្គារីគួរតែមានភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋពេញមួយឆ្នាំ។ លោកស្រីបានកត់សម្គាល់ថា ដូចជាថ្ងៃឈប់សម្រាកផ្នែកសាសនាណាមួយនៃការប្រែរូបព្រះជាម្ចាស់ គឺជាឱកាសមួយដើម្បីងាកមករកសេចក្ដីជំនឿ ហើយយកចិត្តទុកដាក់ចំពោះរឿងតូចតាច។
លោកស្រីបានចង្អុលបង្ហាញថា ប្រទេសប៊ុលហ្គារីមានធនធានធម្មជាតិហើយគំនិតនៃការអភិវឌ្ឍរមណីយដ្ឋានទាំងរមណីយដ្ឋានបូរ៉ូវេតស៍និងរមណីយដ្ឋានផ្សេងៗទៀត ជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងទិសដៅនេះ។ លោកស្រី គីសេឡូវ៉ា បានសង្កត់ធ្ងន់ថា រដូវព្រិលធ្លាក់មានរយៈពេលបីខែក្នុងមួយឆ្នាំ ហើយរមណីយដ្ឋាននានាគួរតែមានភាពទាក់ទាញសម្រាប់ប្រជាជនដោយមិនត្រឹមតែក្នុងអំឡុងពេលខែទាំងនេះប៉ុណ្ណោះទេ។
នៅពេលសួរថា តើមានគំនិតផ្តួចផ្តើមនីតិបញ្ញត្តិណាមួយដែលសំដៅដល់ការអភិវឌ្ឍបណ្តាទីក្រុងភ្នំនោះ លោកស្រីបានឆ្លើយថា ក្រុមការងារជាច្រើនត្រូវបានបង្កើតឡើងនៅក្រសួងទាក់ទងនឹងការអភិវឌ្ឍទីក្រុងភ្នំវីតូស្សា។ លោកស្រី គីសេឡូវ៉ា បានកត់សម្គាល់ថា «ខ្ញុំសន្មត់ថា ឥឡូវនេះនឹងមានវិធានការទាក់ទងនឹងការដាំដើមឈើឡើងវិញដោយសារភ្លើងឆេះហើយដោយសារតំបន់នោះរងផលប៉ះពាល់ខ្លាំង។ ដូច្នេះ យើងត្រូវព្យាយាមរក្សានូវអ្វីដែលយើងមាន និងស្ដារឡើងវិញនូវអ្វីដែលអណ្តាតភ្លើងបានឆាបឆេះ»។
ការអភិវឌ្ឍទីក្រុងតូច និងមធ្យម គឺជាអាទិភាពមួយរបស់រដ្ឋាភិបាលដោយលោកស្រីបានបន្ថែមថា ជំហានដ៏សំខាន់ត្រូវបានចាត់វិធានការដើម្បីទូទាត់ពីឆ្នាំមុនៗ និងដើម្បីឱ្យគម្រោងនានាដែលបានចាប់ផ្តើមអាចបន្តអនុវត្តបាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





