រដ្ឋមន្ត្រីប៉ាគីស្ថានសាទរចំពោះទំនាក់ទំនងបច្ចេកវិទ្យាខ្ពស់ជាមួយចិន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ -- មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថានបានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយប្រទេសចិនក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ នឹងបើកឱកាសអភិវឌ្ឍន៍ថ្មីៗ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់បរិយាកាសរវាងប្រទេសទាំងពីរ។
ដោយពណ៌នាអំពីមិត្តភាពទ្វេភាគីថា «ឥឡូវនេះខ្ពស់ជាងមេឃ» នោះ លោក អាសាន់ អ៊ីកបល (Ahsan Iqbal) រដ្ឋមន្ត្រីក្រសួងផែនការ អភិវឌ្ឍន៍និងគំនិតផ្តួចផ្តើមពិសេសរបស់ប្រទេសប៉ាគីស្ថាន បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះផ្កាយរណបប៉ាគីស្ថានដោយជោគជ័យនាពេលថ្មីៗនេះពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីឆាង (Xichang) ក្នុងខេត្តស៊ីឈ័នរបស់ប្រទេសចិន។
លោកបាននិយាយថា ផ្កាយរណបនេះត្រូវបានរចនាឡើងជាសំខាន់សម្រាប់ការស្ទង់ធនធានដី និងការគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងកត់សម្គាល់នូវការវិវត្តដ៏សំខាន់មួយនៅក្នុងសមត្ថភាពអវកាសរបស់ប្រទេសប៉ាគីស្ថាន។
លោក អ៊ីកបល បានប្រាប់អ្នកសារព័ត៌មាននៅឯស្ថានទូតប៉ាគីស្ថានក្នុងទីក្រុងប៉េកាំងថា «ជាមួយនឹងការបាញ់បង្ហោះផ្កាយរណបនេះ ខ្ញុំអាចនិយាយដោយមោទនភាពថា មិត្តភាពរវាងប៉ាគីស្ថាន-ចិន ដែលធ្លាប់ត្រូវបានពិពណ៌នាថាខ្ពស់ជាងភ្នំហិម៉ាឡៃនោះ ឥឡូវនេះគឺខ្ពស់ជាងមេឃទៀត។ឥឡូវនេះ មេឃធ្វើជាសាក្សីចំពោះភាពរឹងមាំនៃទំនាក់ទំនងរបស់យើង»។
ដោយកត់សម្គាល់ពីភាពងាយរងគ្រោះរបស់ប្រទេសប៉ាគីស្ថានចំពោះគ្រោះមហន្តរាយធម្មជាតិ លោក អ៊ីកបល បានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃបច្ចេកវិទ្យាផ្កាយរណបក្នុងការព្យាករណ៍គ្រោះមហន្តរាយ ការធ្វើផែនការកសិកម្ម ការអភិវឌ្ឍទីក្រុង និងការគ្រប់គ្រងធនធានធម្មជាតិ។
នៅក្នុងជំហានដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការអវកាសប្រទេសចិន និងប៉ាគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែកុម្ភៈ ដើម្បីជ្រើសរើស និងបណ្តុះបណ្តាលអវកាសយានិកប៉ាគីស្ថានសម្រាប់បេសកកម្មទៅកាន់ស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិន។នេះជាលើកទីមួយហើយដែលចិននឹងហ្វឹកហាត់ និងបញ្ជូនអវកាសយានិកបរទេសទៅកាន់ស្ថានីយ៍អវកាសរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





