ទំនាក់ទំនងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិកមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ -- កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន គឺមានសារៈសំខាន់សម្រាប់វិបុលភាពពិភពលោក ហើយវាមានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិក និងចិនក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយស្ថិរភាព។ នេះបើយោងតាមអ្នកដឹកនាំធុរកិច្ចជាន់ខ្ពស់មួយរូប។
លោក រ៉ាចេស ស៊ូប្រាម៉ានីយ៉ាម (Rajesh Subramaniam) នាយកប្រតិបត្តិនៃក្រុមហ៊ុនដឹកជញ្ជូន FedEx Corp ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-ចិន បាននិយាយថា នៅក្នុងពិភពលោកដែលបានកំណត់ដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ក្រុមប្រឹក្សាស្វាគមន៍ចំពោះការបន្តកិច្ចសន្ទនា និងលទ្ធផលវិជ្ជមានដែលសម្រេចបានដោយក្រុមពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងចិន។
ការកត់សម្គាល់របស់លោកខាងលើនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះដោយគណៈប្រតិភូក្រុមប្រឹក្សា USCBC ទៅកាន់ទីក្រុងប៉េកាំង ដោយក្នុងអំឡុងពេលនោះ អ្នកតំណាងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក ដែលរួមមានក្រុមហ៊ុនអេបផល ក្រុមហ៊ុនប៊ូអ៊ីង ក្រុមហ៊ុនហ្គោលមេនសេចស៍ និងក្រុមហ៊ុនអូទីស បានស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងតស៊ូមតិសម្រាប់បរិយាកាសស្ថិរភាព និងអាចព្យាករណ៍បានសម្រាប់ធុរកិច្ចអាម៉េរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន។
ដំណើរទស្សនកិច្ចនេះបានបង្ហាញពីអារម្មណ៍ចាប់អារម្មណ៍ក្នុងចំណោមក្រុមហ៊ុនសកលលោក និងអាម៉េរិក ដែលបន្តចាត់ទុកប្រទេសចិនជាទីផ្សារដ៏សំខាន់មួយ ដោយសារតែមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំរបស់ខ្លួនផ្តោតទៅលើកំណើនគុណភាពខ្ពស់ ប្រព័ន្ធឧស្សាហកម្មដែលមានការអភិវឌ្ឍ និងបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់ល្អ។
ចំពេលដែលការធ្លាក់ចុះនៃការវិនិយោគឆ្លងព្រំដែនរបស់ពិភពលោក ចំនួនធុរកិច្ចបរទេសដែលកំពុងកើនឡើង បានចាត់ទុកប្រទេសចិនថាជាគោលដៅវិនិយោគដ៏ល្អ មានសុវត្ថិភាព និងប្រកបដោយជោគជ័យ។ ចំនួនក្រុមហ៊ុនវិនិយោគបរទេសជាមួយធុរកិច្ចពាណិជ្ជកម្មបរទេសនៅក្នុងប្រទេសចិនបានឈានដល់ ៧៥.០០០ក្រុមហ៊ុននៅត្រឹមឆមាសទីមួយនៃឆ្នាំ២០២៥ដែលជាកម្រិតខ្ពស់បំផុតសម្រាប់រយៈពេលដូចគ្នាចាប់តាំងពីឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យពីរដ្ឋបាលទូទៅគយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





