ហ្វាំងឡង់បដិសេធមិនបញ្ជូនសព្វាវុធអាម៉េរិកទៅអ៊ុយក្រែនក្រោមផែនការថ្មីរបស់អង្គការណាតូទេ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសហ្វាំងឡង់មិនមានគម្រោងចូលរួមនៅក្នុងបញ្ជីនៃតម្រូវការអាទិភាពអ៊ុយក្រែន (PURL) ដែលដឹកនាំដោយអង្គការណាតូសម្រាប់អ៊ុយក្រែន ដែលអនុញ្ញាតឱ្យរដ្ឋនានាទិញឬផ្ទេរសព្វាវុធពីសហរដ្ឋអាមេរិកទៅអ៊ុយក្រែននោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វាំងឡង់ លោក អេនទី ហាកកានែន (Antti Hakkanen) បានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងមិនចូលរួមក្នុងគំនិតផ្តួចផ្តើម PURL នៅពេលនេះទេ។
លោកបានពន្យល់ថា «យើងបានប្តេជ្ញាចិត្តទៅលើធនធានរបស់យើងចំពោះកម្មវិធីឧស្សាហកម្មក្នុងស្រុក ដែលយើងបញ្ជាទិញផលិតផលសម្រាប់អ៊ុយក្រែនពីក្រុមហ៊ុនរបស់យើងទូទាំងប្រទេសហ្វាំងឡង់»។
ដោយបញ្ជាក់ពី «សារៈសំខាន់» នៃគំនិតផ្តួចផ្តើមនេះ លោកបានបញ្ជាក់សារជាថ្មីថា ពួកគេបន្តគាំទ្រដល់អ៊ុយក្រែនយ៉ាងខ្លាំង និងកាន់តែខ្លាំងក្លា ខណៈដែលផ្តោតសំខាន់ទៅលើប្រតិបត្តិការអាជីវកម្មក្នុងស្រុក ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិ និងសមត្ថភាពរបស់ប្រទេសហ្វាំងឡង់។
ប្រទេសហូឡង់បានប្រកាសកញ្ចប់សម្រាប់កាំភ្លើងធំ និងគ្រាប់រំសេវដែលមានតម្លៃ ៥០០លានដុល្លារអាម៉េរិក បន្ទាប់មកកាលពីថ្ងៃអង្គារ ប្រទេសដាណឺម៉ាក ន័រវេស និងស៊ុយអែត ក៏បានបង្ហាញកញ្ចប់ជំនួយយោធារួមគ្នាដែលមានតម្លៃ ៥០០លានដុល្លារអាម៉េរិកសម្រាប់អ៊ុយក្រែន ក្រោមគំនិតផ្តួចផ្តើម PURL ផងដែរ។
គំនិតផ្តួចផ្តើមថ្មីនេះ ផ្តល់មូលនិធិដោយសម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា នឹងរួមបញ្ចូលនូវកញ្ចប់ធម្មតាដែលមានតម្លៃប្រហែល ៥០០លានដុល្លារអាម៉េរិកសម្រាប់ឧបករណ៍ និងគ្រាប់បែកដែលអ៊ុយក្រែនបានកំណត់ថាជាអាទិភាពសម្រាប់ប្រតិបត្តិការ។
យោងតាមអង្គការណាតូ កញ្ចប់ទាំងនោះរួមមានសមត្ថភាពដែលសហរដ្ឋអាមេរិកអាចផ្តល់បានក្នុងបរិមាណច្រើនជាងអឺរ៉ុប និងកាណាដាតែម្នាក់ឯង ហើយពួកគេនឹងត្រូវបានរៀបចំយ៉ាងឆាប់រហ័ស និងចែកចាយជាប្រចាំ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





