សហរដ្ឋអាមេរិកគ្រោងនឹងកាន់កាប់ប្រតិបត្តិការជំនួយនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ -- មន្ត្រីអាម៉េរិក និងអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Axios កាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) គ្រោងនឹងកាន់កាប់ប្រតិបត្តិការជំនួយមនុស្សធម៌របស់តំបន់ហ្គាហ្សា ដោយសារតែអ៊ីស្រាអែលមិនបានដោះស្រាយកិច្ចខិតខំប្រឹងប្រែងនេះឱ្យបានគ្រប់គ្រាន់។
ប្រេសិតសហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងលោកប្រធានាធិបតី ដូណាល់ ត្រាំ បានពិភាក្សាគ្នាអំពីការបង្កើនតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅសេតវិមានកាលពីល្ងាចថ្ងៃច័ន្ទ។ នេះបើយោងតាមប្រភពដែលបានដកស្រង់ដោយសារព័ត៌មាននោះ។
កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក វីតកូហ្វ ទៅកាន់តំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន ជាកន្លែងដែលលោកបានចំណាយពេលជាងប្រាំម៉ោងដើម្បីវាយតម្លៃអំពីលក្ខខណ្ឌនៅមូលដ្ឋាននោះ។នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។
មន្ត្រីអាម៉េរិកម្នាក់បានប្រាប់ថា លោក ត្រាំ មិនរំភើបចិត្តចំពោះការទទួលបន្ទុកនេះទេ ប៉ុន្តែបាននិយាយថា «វាហាក់ដូចជាមិនមានវិធីផ្សេងទៀតទេ»។
មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា រដ្ឋបាលរបស់លោក ត្រាំ បានធ្វើការសម្រេចចិត្តនេះព្រោះគេជឿថា អ៊ីស្រាអែលមិនបានដោះស្រាយស្ថានការណ៍នៅតំបន់ហ្គាហ្សាឱ្យបានល្អ។
មន្ត្រីរូបនោះបានពិពណ៌នាអំពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់លោក ត្រាំ ដោយបាននិយាយថា «បញ្ហាអត់ឃ្លាននៅតំបន់ហ្គាហ្សាកាន់តែអាក្រក់ទៅៗ។ លោក ដូណាល់ ត្រាំ មិនចូលចិត្តនោះទេ។ លោកមិនចង់ឱ្យទារកមានការអត់ឃ្លានទេ»។
ប្រភពនោះបាននិយាយថា ប្រទេសឈូងសមុទ្រ ដូចជាប្រទេសកាតានឹងរួមចំណែកដល់មូលនិធិ ខណៈដែលប្រទេសហ្ស៊កដានី និងអេហ្ស៊ីបទំនងជានឹងចូលរួមដែរ។
មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា ទីក្រុងតេលអាវីវ គាំទ្រដល់តួនាទីរបស់សហរដ្ឋអាមេរិកដែលបានពង្រីកនៅក្នុងប្រតិបត្តិការជំនួយនោះ។
មូលនិធិមនុស្សធម៌នៅតំបន់ហ្គាហ្សាដ៏ចម្រូងចម្រាសដែលបង្កើតឡើងដោយអ៊ីស្រាអែលកាលពីខែកុម្ភៈដោយមានការគាំទ្រពីសហរដ្ឋអាមេរិកបច្ចុប្បន្នគ្រប់គ្រងការចែកចាយជំនួយនៅក្នុងរង្វង់តំបន់នោះ។ ចាប់តាំងពីចុងខែឧសភាមក នៅពេលដែលវាបានចាប់ផ្តើមប្រតិបត្តិការជំនួយ មនុស្សជាង ១.៣០០នាក់ត្រូវបានស្លាប់នៅពេលទៅទទួលជំនួយ។
ទន្ទឹមនឹងនេះដែរ យ៉ាងហោចណាស់មនុស្សចំនួន ១៨៨នាក់ ដែលរួមមានទាំងកុមារ ៩៤នាក់បានស្លាប់ដោយសារការអត់ឃ្លានចាប់តាំងពីខែតុលាឆ្នាំ២០២៣ និងមនុស្សជាង ៦១.០០០នាក់បានស្លាប់នៅក្នុងសង្គ្រាមរបស់ប្រទេសអ៊ីស្រាអែលទាំងមូល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





