គណៈប្រតិភូរដ្ឋអាជ្ញាកូរ៉េខាងជើងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ចំពេលមានកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃអង្គារថា គណៈប្រតិរដ្ឋអាជ្ញាកូរ៉េខាងជើងបានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ី ខណៈដែលប្រទេសទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
លោក យ៉ុន វ៉ាងវ៉ុន (Yun Kwang-won) អនុប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈកំពូល បានធ្វើដំណើរចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃមុន ដោយលោកមិនបានបង្ហាញពីព័ត៌មានលម្អិតផ្សេងទៀត រួមទាំងគោលបំណងនៃការធ្វើដំណើរនោះទេ។
ប្រទេសកូរ៉េខាងជើង និងរុស្ស៊ីបាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតចាប់តាំងពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកកាលពីខែមិថុនាឆ្នាំមុន។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ី បានឱ្យដឹងថា នៅខែកក្កដា ឆ្នាំ២០២៤ អគ្គរដ្ឋអាជ្ញារុស្ស៊ី លោក អ៊ីហ្គ័រ ក្រាស់នូវ (Igor Krasnov) បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងជាលើកដំបូង។ ប្រទេសទាំងពីរបានយល់ព្រមសហការលើប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាក់ទងនឹងរូបិយប័ណ្ណឌីជីថល និងបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





