ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាពីការវាយប្រហាររបស់អ៊ីស្រាអែលកើនឡើងដល់៦១.០០០នាក់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ -- អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបពីការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងដល់ ៦១.០២០នាក់ និង ១៥០.៦៧១នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
អាជ្ញាធរបានបន្ថែមថា មនុស្ស ៩.៥១៩នាក់បានស្លាប់ និង ៣៨.៦៣០នាក់បានរងរបួស បន្ទាប់ពីបទឈប់បាញ់បានដួលរលំកាលពីថ្ងៃទី១៨ ខែមីនា។
យោងតាមអ្នកនាំពាក្យការពារជនស៊ីវិល លោក ម៉ាមូដ បាសាល់ (Mahmoud Basal) បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ចាប់តាំងពីព្រឹកថ្ងៃអង្គារនៅក្នុងការបាញ់ផ្លោង និងការបាញ់កាំភ្លើងរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក អាវីចាយ អាដ្រេ (Avichay Adraee) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារអ៊ីស្រាអែលបានបន្តប្រតិបត្តិការរបស់ពួកគេប្រឆាំងនឹង «អង្គការភេរវករ» នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។
សេចក្តីថ្លែងការណ៍បានចាត់ទុកអ៊ីស្រាអែល និងសម្ព័ន្ធមិត្តឱ្យទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់ដែលប៉ះពាល់ដល់មនុស្សជាង ២លាននាក់ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងបណ្តាប្រទេសអារ៉ាប់ចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបើកច្រកឆ្លងកាត់ឡើងវិញ និងធានាឱ្យមានការផ្តល់ជំនួយគ្រប់គ្រាន់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





