ប្រធានាធិបតីបេឡារុស្សប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) បានអំពាវនាវឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិន។
លោក លូកាសេនកូ បាននិយាយថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសបេឡារុស្សជាមួយនឹងពាណិជ្ជកម្មទ្វេភាគីបច្ចុប្បន្នឈានដល់ជិត ៨,៥ប៊ីលានដុល្លារអាម៉េរិក ដែលលើសពីពាណិជ្ជកម្មរបស់ប្រទេសបេឡារុស្សជាមួយសហភាពអឺរ៉ុបទាំងមូលចំនួន ១ប៊ីលានដុល្លារអាម៉េរិក។
លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសបេឡារុស្សក្នុងការជំរុញការអភិវឌ្ឍបច្ចេកវិទ្យារួមគ្នា និងទាក់ទាញការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន ដោយលោកបាននិយាយថា វិស័យអាទិភាពសម្រាប់ការសហការរួមមានឧបករណ៍ម៉ាស៊ីន មីក្រូអេឡិចត្រូនិច គីមីឥន្ធនៈ និងឱសថ។
លោក លូកាសេនកូ ក៏បានអំពាវនាវឱ្យមានការគាំទ្រយ៉ាងទូលំទូលាយពីភ្នាក់ងាររដ្ឋាភិបាល និងស្ថានទូតបេឡារុស្សប្រចាំប្រទេសចិននៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍគម្រោងរួមគ្នា ចាប់ពីការវិភាគទីផ្សារ ការចូលរួមរបស់វិនិយោគិន រហូតដល់ការសម្របសម្រួលគម្រោង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





