ចិនប្រគល់ជំនួយមនុស្សធម៌ជួយសង្គ្រោះដល់ប្រទេសស្រីលង្កា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសចិនបានប្រគល់ជំនួយមនុស្សធម៌ជួយសង្គ្រោះដល់ប្រទេសស្រីលង្កាកាលពីថ្ងៃអង្គារ។ ការប្រគល់នេះ រួមមានការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ តង់ និងគ្រែ ម៉ាស៊ីនភ្លើង និងម៉ាស៊ីនបូមទឹក។
សម្ភារៈទាំងនេះមានគោលបំណងកែលម្អលក្ខខណ្ឌសម្រាប់សហគមន៍មូលដ្ឋានដែលត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់ និងជួយពួកគេឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិនាពេលអនាគត។
ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសស្រីលង្កា លោក ឈី ហ្សេនហុង (Qi Zhenhong) បាននិយាយថា ក្នុងនាមជាប្រទេសដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការកសាងឡើងវិញក្រោយគ្រោះមហន្តរាយ និងការគ្រប់គ្រងហានិភ័យ ប្រទេសចិនអាចចែករំលែកជំនាញដ៏មានតម្លៃ និងបច្ចេកវិទ្យាទំនើបជាមួយប្រទេសស្រីលង្កា ដើម្បីពង្រឹងភាពរឹងមាំរបស់ប្រទេសអាស៊ីខាងត្បូងក្នុងការបង្ការគ្រោះមហន្តរាយ។
លោក ឈី បាននិយាយថា «ប្រទេសចិនមានឆន្ទៈក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងស៊ីជម្រៅបន្ថែមទៀតជាមួយភាគីស្រីលង្កាលើវិស័យដូចជា ការចែករំលែករូបភាពឧតុនិយមតាមផ្កាយរណប ការព្រមានជាមុនអំពីគ្រោះមហន្តរាយ ការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ» ។
រដ្ឋមន្ត្រីការពារជាតិស្រីលង្កា លោក សាមផាត ធូយ៉ាកុនថា (Sampath Thuyacontha) បានសម្តែងការដឹងគុណចំពោះជំនួយទាន់ពេលវេលារបស់ប្រទេសចិន និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូ ដោយសារការប្រែប្រួលអាកាសធាតុបានបង្កើនហានិភ័យគ្រោះមហន្តរាយនៅក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





