ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រម៉ាឡេស៊ីទៅកាន់ប្រទេសរុស្ស៊ី អាចជួយជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម នៃប្រទេសម៉ាឡេស៊ី អាចនឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ អន្តរកម្មអាស៊ាន ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលម៉ាឡេស៊ីទៅកាន់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់របស់នាយកវិទ្យាស្ថានសិក្សាអាស៊ី និងអាហ្រ្វិកនៃសាកលវិទ្យាល័យរដ្ឋម៉ូស្គូ លោក អាឡិចសី ម៉ាស់ឡូវ (Alexey Maslov)។
លោក ម៉ាស់ឡូវ បាននិយាយប្រាប់សារព័ត៌មានស្ពុតនីកថា «ជាដំបូង ឆ្នាំនេះ ម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាន ដូច្នេះការពិភាក្សានឹងគ្របដណ្តប់ទៅលើកិច្ចសហប្រតិបត្តិការជាមួយប្លុកទាំងមូល។ លើសពីនេះទៀត ក្នុងឆ្នាំកន្លងទៅ យើងបានគូសបញ្ជាក់អំពីគម្រោងមួយចំនួនជាមួយម៉ាឡេស៊ី រួមទាំងការផ្គត់ផ្គង់ធនធានថាមពលរបស់រុស្ស៊ីដល់ម៉ាឡេស៊ី និងការទិញដោយប្រទេសរុស្ស៊ីនូវផលិតផលមួយចំនួនពីម៉ាឡេស៊ី ដូចជាផ្លែឈើ និងវាយនភណ្ឌជាដើម។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺអន្តរកម្មនៃបច្ចេកវិទ្យា»។
លោក ម៉ាស់ឡូវ បាននិយាយថា ម៉ាឡេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍខ្លាំងបំផុតនៅក្នុងតំបន់ទាក់ទងនឹងវិស័យវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យ។
អ្នកជំនាញរូបនេះបានបន្ថែមថា ទីក្រុងគូឡាឡាំពួរក៏ចាប់អារម្មណ៍ក្នុងការពង្រឹងវិស័យកងទ័ពរបស់ខ្លួនផងដែរ ខណៈដែលអាជ្ញាធររបស់ប្រទេសនេះមើលឃើញនុវសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងមជ្ឈធាតុនិយម ដែលមានន័យថា ផលប្រយោជន៍សេដ្ឋកិច្ចមានភាពប្រសព្វជាមួយផ្នែកយោធា។
ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម គឺជាប្រមុខរដ្ឋម៉ាឡេស៊ីដំបូងគេដែលទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី និងរុស្ស៊ីនៅក្នុងឆ្នាំ១៩៦៧ មក។ ព្រះអង្គនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែសីហា ហើយគ្រោងនឹងជួបពិភាក្សាជាមួយលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នេះ។ នៅក្នុងជំនួបពិភាក្សានោះ មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីការអភិវឌ្ឍនៃទំនាក់ទំនងរវាងរុស្ស៊ី និងម៉ាឡេស៊ី ព្រមទាំងប្រធានបទនានាពាក់ព័ន្ធនៃរបៀបវារៈក្នុងតំបន់ និងអន្តរជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





