លោក អឺដូហ្គែន អាចនឹងបំពេញទស្សនកិច្ចនៅអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ -- កាសែតដែលគ្រប់គ្រងដោយរដ្ឋាភិបាលតួកគីបាននិយាយថា ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) អាចនឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
យោងតាមកាសែតនោះបានឱ្យដឹងថា ដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់លោក អឺដូហ្គែន ទៅកាន់ទីក្រុងគៀវតាមការអញ្ជើញរបស់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) នោះ កំពុងត្រូវបានពិនិត្យមើលនៅក្នុងរង្វង់ការទូតរបស់ប្រទេស។ ប្រភពនោះបាននិយាយថា ដំណើរទស្សនកិច្ចបែបនេះអាចនឹងធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ដោយដកស្រង់ពីប្រភពការទូត និងឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ុយក្រែនប្រចាំនៅទីក្រុងអង់ការ៉ា លោក ម៉ារីមេន ឌីហ្សេលីយ៉ាឡូវ (Mariman Dzhelyalov) បានឱ្យដឹងថា របៀបវារៈនៃដំណើរទស្សនកិច្ចនេះនឹងផ្តោតសំខាន់ទៅលើការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាពជាមួយរុស្ស៊ី។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតួកគី និងអ៊ុយក្រែន ត្រូវបានចុះហត្ថលេខាកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២ និងអនុម័តដោយប្រធានាធិបតីតួកគីនៅក្នុងខែសីហា ឆ្នាំ២០២៤។
អាជ្ញាធរតួកគីមិនបានបញ្ជាក់ ឬបដិសេធចំពោះការរាយការណ៍ទាំងនេះទេ។
ប្រធានាធិបតីតួកគីបាននិយាយម្តងហើយម្តងទៀតថា ប្រទេសរបស់លោកត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ហើយបានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំបែបនេះនឹងផ្តល់កិច្ចព្រមព្រៀងដែលនឹងបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
ទីក្រុងស្តង់ប៊ុលបានធ្វើជាម្ចាស់ផ្ទះនៃជុំទីបីនៃកិច្ចចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនៃកិច្ចចរចារយៈពេល ៤០នាទី រវាងប្រធានគណៈប្រតិភូរុស្ស៊ី លោក វ្ល៉ាឌីមៀ ម៉េឌីនស្គី (Vladimir Medinsky) និងប្រធានគណៈប្រតិភូអ៊ុយក្រែន លោក រូស្ទែម យូម៉េរ៉ូវ (Rustem Umerov) នោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីគោលជំហររបស់ពួកគេដែលបានដាក់ចេញនៅក្នុងអនុស្សរណៈរបស់ពួកគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





