ឥណ្ឌា និងហ្វីលីពីនចុះកិច្ចព្រមព្រៀងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌា និងហ្វីលីពីន កាលពីថ្ងៃទី0៥ ខែសីហា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូស ជេអ. (Ferdinand Marcos Jr.) ទៅកាន់ប្រទេសឥណ្ឌា។
នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងញូវដេលី នាយករដ្ឋមន្ត្រីឥណ្ឌា លោ ណារេនដ្រា ម៉ូឌី (Narendra Modi) និងលោកប្រធានាធិបតី ម៉ាកូស បានព្រមព្រៀងគ្នាទៅលើបញ្ហាជាច្រើន រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធរៀងៗខ្លួន រួមទាំងកងទ័ពជើងគោក កងទ័ពអាកាស និងកងទ័ពជើងទឹកផងដែរ។
លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងរបស់ឥណ្ឌាជាមួយហ្វីលីពីន។
សម្រាប់ភាគីហ្វីលីពីន លោកប្រធានាធិបតី ម៉ាកូស បានពណ៌នាអំពីកិច្ចពិភាក្សានេះថាមានលក្ខណៈទូលំទូលាយ ប្រកបដោយផលិតភាព និងឆ្ពោះទៅមុខ ដោយបង្ហាញពីការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងការធ្វើទំនើបកម្មផ្នែកការពារជាតិរបស់ប្រទេសហ្វីលីពីន និងការកើនឡើងនៃសមត្ថភាពឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ប្រទេសឥណ្ឌាដែលជាដៃគូសំខាន់។
មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីការកំណត់លក្ខខណ្ឌនៃសេចក្តីយោងសម្រាប់កិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ ដែលអាចកើតមានរវាងទីក្រុងម៉ានីល និងទីក្រុងញូវដេលីផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ម៉ាកូស ធ្វើឡើងបន្ទាប់ពីប្រទេសហ្វីលីពីនទិញប្រព័ន្ធកាំជ្រួចល្បឿនលឿន BrahMos ពីប្រទេសឥណ្ឌា ដែលជាការនាំចេញលើកដំបូងដោយទីក្រុងញូវដេលី ក្រោមកិច្ចសន្យាដែលមានតម្លៃ ៣៧៥លានដុល្លារអាម៉េរិក។ ការដឹកជញ្ជូនប្រព័ន្ធបានចាប់ផ្តើមកាលពីក្នុងខែមេសាឆ្នាំនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





