ម៉ាឡេស៊ីជំរុញកិច្ចសហប្រតិបត្តិការផ្លូវច្បាប់ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាច្បាប់អាស៊ានឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរជាលើកដំបូង ដើម្បីលើកកម្ពស់ចក្ខុវិស័យរួមរបស់តំបន់អំពីភាពយុត្តិធម៌ ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
លោកស្រី អាហ្សាលីណា អូតម៉ាន់ អូតម៉ាន់ (Azalina Othman Othman) រដ្ឋមន្ត្រីក្រសួងច្បាប់ និងកំណែទម្រង់ស្ថាប័នរបស់ប្រទេសម៉ាឡេស៊ី បាននិយាយនៅក្នុងពិធីមួយដែលបង្ហាញអំពីព្រឹត្តិការណ៍នោះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថា វេទិកាដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ នឹងក្លាយជាវេទិកាមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការកសាងប្រព័ន្ធច្បាប់ដែលមានលក្ខណៈត្រឹមត្រូវ និងបរិយាប័ន្នកាន់តែច្រើន។
លោកស្រី អាហ្សាលីណា បាននិយាយថា ព្រឹត្តិការណ៍នោះនឹងផ្តោតសំខាន់ទៅលើការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិទទួលបានយុត្តិធម៌នៅទូទាំងសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសចំពេលនៃការធ្វើសមាហរណកម្មឌីជីថល និងឆ្លងព្រំដែនយ៉ាងឆាប់រហ័ស។ វេទិកាច្បាប់អាស៊ានមិនមែនគ្រាន់តែជាសន្និសីទផ្លូវច្បាប់មួយទៀតនោះទេ វាគឺជាវេទិកាយុទ្ធសាស្ត្រមួយដែលធ្វើឡើងក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ដើម្បីជំរុញចក្ខុវិស័យរួមរបស់វិស័យយុត្តិធម៌ ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ។
វេទិកានេះត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកជំនាញផ្នែកច្បាប់ អ្នកបង្កើតគោលនយោបាយ អ្នកសិក្សា និងអ្នកតំណាងសង្គមស៊ីវិលមកពីក្នុង និងក្រៅតំបន់។
ប្រធានបទសំខាន់ៗរួមមាន អាជ្ញាកណ្តាលអន្តរជាតិ សុវត្ថិភាពអនឡាញ ឧក្រិដ្ឋកម្មសាយប័រ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រព័ន្ធច្បាប់ និងកំណែទម្រង់ច្បាប់ព្រហ្មទណ្ឌ និងពាណិជ្ជកម្ម។ វគ្គពិសេសៗក៏នឹងត្រូវបានពិភាក្សាផងដែរអំពីអាជ្ញាកណ្តាលអ៊ីស្លាម និងដែនសមុទ្រ ច្បាប់កីឡា និងច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក។ គោលការណ៍ណែនាំអំពីអាជីវកម្ម និងសិទ្ធិមនុស្សនឹងក្លាយជាផ្នែកមួយនៅក្នុងរបៀបវារៈនៃវេទិកានោះដែរ។
យោងតាមលោកស្រីរដ្ឋមន្ត្រី បានឱ្យដឹងថា ចំណុចស្នូលនៃវេទិកានេះ គឺការអនុម័តសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីច្បាប់អាស៊ាន ស្តីពីមជ្ឈត្តកម្ម និងការសម្រុះសម្រួលអន្តរជាតិ ដោយហៅវាថា «ការប្តេជ្ញាចិត្តក្នុងតំបន់ចំពោះប្រព័ន្ធច្បាប់ស្រប យុត្តិធម៌ និងងាយស្រួលសម្រាប់ធុរកិច្ច»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





