ស៊ីរីបើកច្រករបៀងមនុស្សធម៌បូស្រា អាល់-ស្សាម ឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅទីក្រុងស៊ូវេយដា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋាភិបាលស៊ីរី កាលពីថ្ងៃចន្ទបានបើកច្រករបៀងមនុស្សធម៌បូស្រា អាល់-ស្សាម ឡើងវិញនៅក្នុងខេត្តដារ៉ាអា នៅភាគខាងត្បូង ដោយអនុញ្ញាតឱ្យមានការបញ្ជូនជំនួយបន្តទៅកាន់ទីក្រុងស៊ូវេយដាដែលនៅជិតខាង បន្ទាប់ពីផ្លូវនេះត្រូវបានបិទនៅមួយថ្ងៃមុន ដោយសារតែការប៉ះទង្គិចគ្នាដោយអំពើហិង្សា។
ទូរទស្សន៍ Ikhbariya ដែលគ្រប់គ្រងដោយរដ្ឋ បានដកស្រង់ប្រភពសន្តិសុខនៅក្រសួងមហាផ្ទៃ ដែលបាននិយាយថា ច្រកឆ្លងកាត់នេះត្រូវបានបើកឡើងវិញ បន្ទាប់ពីតំបន់នេះត្រូវបានធានា ហើយការគំរាមកំហែងដែលបង្កឡើងដោយក្រុមប្រដាប់អាវុធត្រូវបានដកចេញ។
ច្រករបៀងដែលត្រូវបានប្រើប្រាស់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដើម្បីផ្តល់ជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់ជំនួយដល់ទីក្រុងស៊ូវេយដាត្រូវបានបិទជាបណ្តោះអាសន្នកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងសន្តិសុខផ្ទៃក្នុង និងក្រុមប្រដាប់អាវុធនៅក្នុងខេត្តនោះ។
យោងតាមក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រុមទាំងនោះបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីពេលថ្មីៗនេះ ដោយបើកការវាយប្រហារទៅលើប៉ុស្តិ៍សន្តិសុខជាច្រើននៅតំបន់តាល់ហាឌីដ តំបន់រីម៉ាត់ហាហ្សេម និងតំបន់វ៉ាល់ហ្គា។ សេចក្តីថ្លែងការណ៍មួយបានចោទប្រកាន់ពួកគេពីបទបញ្ឆេះភាពតានតឹងផ្នែកនិកាយ លួចផ្គត់ផ្គង់ជំនួយ អនុវត្តការចាប់ខ្លួនដោយខុសច្បាប់ និងបានកំណត់គោលដៅទៅលើភូមិអ្នកស្រុកដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់ ដែលបណ្តាលឱ្យមានបុគ្គលិកសន្តិសុខរងរបួស។
ក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា រដ្ឋបាននិងកំពុងធ្វើការដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព និងធានាសុវត្ថិភាពដល់ជនស៊ីវិលចាប់តាំងពីការចាប់ផ្តើមនៃបទឈប់បាញ់គ្នាមក។
ការកើនឡើងនៃភាពតានតឹងកាលពីថ្ងៃអាទិត្យ បានបង្ហាញពីការផ្ទុះឡើងចុងក្រោយបង្អស់នៅក្នុងទីក្រុងស៊ូវេយដា ដែលបានមើលឃើញពីភាពចលាចល និងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





