ចិនអំពាវនាវឱ្យភាគីនានាស្វែងរកដំណោះស្រាយយូរអង្វែងតាមរយៈកិច្ចសន្ទនាចំពោះបញ្ហានៅកូសូវ៉ូ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសចិនបានជំរុញឱ្យភាគីពាក់ព័ន្ធនានាអនុវត្តឱ្យបានយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយយូរអង្វែងតាមរយៈកិច្ចសន្ទនាចំពោះបញ្ហានៅកូសូវ៉ូ ហើយបដិសេធពីសកម្មភាពជាឯកតោភាគីដែលអាចនាំឱ្យមានភាពតានតឹងបន្ទាប់ពីការឃុំខ្លួនមន្ត្រីស៊ែរប៊ី លោក អ៊ីងោរ ប៉ូប៉ូវីក (Igor Popović)។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ចៃគុន (Guo Jiakun) បានធ្វើការកត់សម្គាល់ខាងលើននេះដើម្បីឆ្លើយតបទៅនឹងសំណួរដែលពាក់ព័ន្ធនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រសប្តាហ៍មុន។
លោក ប៉ូប៉ូវីក ដែលជាជំនួយការនាយកការិយាល័យរបស់ប្រទេសស៊ែរប៊ីសម្រាប់កូសូវ៉ូ កំពុងត្រូវបានឃុំខ្លួនដោយភាគីកូសូវ៉ូ។ ក្រសួងការបរទេសបារាំងបានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យមានការដោះលែងរូបលោកជាបន្ទាន់។
លោក គូ បាននិយាយថា ប្រទេសចិនកំពុងតាមដានព័ត៌មាននៃការឃុំខ្លួនលោក ប៉ូប៉ូវីក ហើយបានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍នានាដែលចេញដោយក្រសួងការបរទេសបារាំង និងសហភាពអឺរ៉ុប ដោយលោកបាននិយាយបន្ថែមថា ប្រទេសចិនសង្ឃឹមថានឹងមានការដោះលែងរូបលោកដោយសុវត្ថិភាព។
លោក គូ បានរំលឹកឡើងវិញនូវការគោរពរបស់ប្រទេសចិនចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ែរប៊ី ហើយលោកជឿជាក់ថា សន្តិសុខ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនជាតិស៊ែរប៊ីនៅកូសូវ៉ូគួរតែត្រូវបានការពារ។
លោកបាននិយាយថា «យើងសង្ឃឹមថាភាគីនានានឹងបន្តចូលរួមក្នុងកិច្ចសន្ទនាជាក់ស្តែង និងប្រកបដោយការស្ថាបនាក្នុងក្របខ័ណ្ឌនៃដំណោះស្រាយដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





