ទីក្រុងប៉េកាំង និងកាតាម៉ាន់ឌូ មានបំណងឆ្ពោះទៅរកកម្រិតខ្ពស់ថ្មីនៅក្នុងទំនាក់ទំនង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ -- មន្ត្រីនេប៉ាល់ និងមេដឹកនាំសហគមន៍បាននិយាយថា ជាមួយនឹងទំនាក់ទំនងមិត្តភាពរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកដែលត្រូវបានជំរុញតាមរយៈការផ្លាស់ប្តូរវប្បធម៌ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកិច្ចសន្ទនាកម្រិតខ្ពស់ ប្រទេសចិន និងនេប៉ាល់បានពង្រឹងភាពជាដៃគូរបស់ពួកគេបន្ថែមទៀត។
ពួកគេបាននិយាយបន្ថែមថា សមិទ្ធិផលបែបនេះនឹងបញ្ចូលនូវកម្លាំងជំរុញថ្មីក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិសម្រាប់ប្រទេសទាំងពីរ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រទេសចិន និងនេប៉ាល់បានប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ ព្រឹត្តិការណ៍ជាច្រើនត្រូវបានប្រារព្ធឡើងដើម្បីរំលឹកនៅក្នុងឱកាសនោះ រួមទាំងការទទួលស្វាគមន៍ដែលរៀបចំឡើងកាលពីថ្ងៃសុក្រដោយស្ថានទូតចិននៅរដ្ឋធានីកាតាម៉ាន់ឌូ និងការតាំងពិព័រណ៍គំនូរដែលបង្ហាញពីស្នាដៃរបស់វិចិត្រករជនជាតិចិន និងនេប៉ាល់ជាង ៦០នាក់ដែលបានធ្វើពិធីបើកកាលពីថ្ងៃសៅរ៍។
នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ស្សាម៉ា អូលី (Sharma Oli) បាននិយាយនៅឯពិធីទទួលស្វាគមន៍នោះថា ប្រទេសរបស់លោកឱ្យតម្លៃទៅលើមិត្តភាពដែលបានកសាងឡើងអស់ពេលជាយូរជាមួយប្រទេសចិន ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងជាដៃគូអភិវឌ្ឍន៍ដ៏គួរឱ្យទុកចិត្ត។
លោកបាននិយាយថា ទំនាក់ទំនងរវាងនេប៉ាល់-ចិន ដែលមានមូលដ្ឋានលើការជឿទុកចិត្តគ្នាទៅវិញទៅមក និងដឹកនាំដោយតម្លៃរួមនោះ បានកើនឡើងកាន់តែខ្លាំងក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ។
ដោយលើកឡើងអំពីសមិទ្ធិផលរបស់ប្រទេសចិនក្នុងការបន្តស្តារជាតិឡើងវិញ លោក អូលី បាននិយាយថា សមិទ្ធផលទាំងនោះក៏រួមចំណែកដល់ស្ថិរភាពក្នុងតំបន់ និងវឌ្ឍនភាពជាសកលផងដែរ។
លោកបាននិយាយបន្ថែមថា ប្រទេសនេប៉ាល់ទន្ទឹងរង់ចាំការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិនតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ធ្វើឱ្យការតភ្ជាប់កាន់តែស៊ីជម្រៅ និងបង្កើតផ្លូវថ្មីសម្រាប់ផលប្រយោជន៍ទៅវិញទៅមក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





