បារាំងចាប់ផ្តើមទម្លាក់ជំនួយនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសបារាំងបានទម្លាក់ជំនួយទៅកាន់តំបន់ហ្គាហ្សាដែលហែកហួរដោយជម្លោះកាលពីចុងសប្តាហ៍មុន ហើយបានជំរុញឱ្យអ៊ីស្រាអែលផ្តល់ឱ្យភ្នាក់ងារមនុស្សធម៌ និងរដ្ឋាភិបាលចូលទៅប្រើប្រាស់ទឹកដីនោះបន្ថែមទៀតដោយសារតែការប្រឈមមុខនឹងវិបត្តិនៃភាពអត់ឃ្លានដែលកំពុងកើនឡើងនៅទីនោះ។
ជំនួយដែលទម្លាក់តាមអាកាសរបស់ប្រទេសនេះបានចាប់ផ្តើមធ្លាក់ទៅលើប្រជាជននៅតំបន់ហ្គាហ្សាកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយទីក្រុងប៉ារីសបាននិយាយថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ៤០តោនក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ក្នុងក្តីសង្ឃឹមនៃការកាត់បន្ថយហានិភ័យនៃគ្រោះទុរ្ភិក្ស។
ខណៈដែលជំនួយបានចាប់ផ្តើមទៅដល់ ប្រធានាធិបតីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច (X) ថា «ដោយកំពុងប្រឈមមុខនឹងភាពបន្ទាន់នោះ យើងទើបតែបានធ្វើប្រតិបត្តិការទម្លាក់អាហារនៅតំបន់ហ្គាហ្សា។ សូមអរគុណដល់ដៃគូហ្ស៊កដានី អេមីរ៉ាត់ និងអាល្លឺម៉ង់របស់យើងសម្រាប់ការគាំទ្ររបស់ពួកគេ និងបុគ្គលិកយោធារបស់យើងសម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេ»។
នៅពេលមុននេះ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអ៊ែល បារ៉ុត (Jean-Noel Barrot) បាននិយាយនៅក្នុងទូរទស្សន៍ France Info ជាសាធារណៈថា ប្រទេសបារាំងគ្រោងនឹងបញ្ចប់ការទម្លាក់ជំនួយតាមយន្តហោះចំនួន ៤គ្រឿង ដោយប្រើយន្តហោះដែលបញ្ជូនតាមប្រទេសហ្ស៊កដានី។
សកម្មភាពផ្ទាល់របស់ប្រទេសបារាំងបានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារឃ្លាំមើលភាពអត់ឃ្លានរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីសប្តាហ៍មុនថា គ្រោះទុរ្ភិក្សកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីជម្លោះរយៈពេលជិតពីរឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ការិយាល័យរបស់លោក ម៉ាក្រុន បាននិយាយថា ជំនួយជាច្រើនទៀតអាចហូរចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើអាជ្ញាធរអ៊ីស្រាអែលដកចេញនូវឧបសគ្គដែលខ្លួនបានដាក់ចេញនោះ។
ការទម្លាក់ជំនួយរបស់បារាំងរួមមាន អាហារ និងសម្ភារៈផ្គត់ផ្គង់ផ្សេងៗទៀត ប៉ុន្តែបារាំងបាននិយាយថា ជំនួយនេះតិចតួចប៉ុណ្ណោះដើម្បីការពារហានិភ័យនៃភាពអត់ឃ្លានក្នុងចំណោមអ្នកស្រុក ២លាននាក់នៅតំបន់ហ្គាហ្សា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





