ថវិកា ៧៦លានរៀលបានពីការប្រកួតគ្រុឌស៊ូភើខាប់បរិច្ចាគដល់មូលនិធិកងទ័ព និងជនភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥--ថវិកាសរុបចំនួន ៧៦លានរៀល (ប្រមាណ ១៩ ០០០ ដុល្លារអាមេរិក) ដែលជាទឹកប្រាក់ទាំងអស់ទទួលបានការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ គ្រុឌខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៥ ត្រូវប្រគល់ជូនដល់មូលនិធិកងទ័ព និងជនភៀសសឹក។

នេះបើតាមការប្រកាសជាផ្លូវការ កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥របស់គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ គ្រុឌខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៥ ដែលជាការប្រកួតដ៏ធំមួយ មុនបើករដូវការជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥-២០២៦ នាចុងសប្តាហ៍នេះ។

នៅក្នុងចំនួនថវិកាត្រូវបរិច្ចាគជូនដល់មូលនិធិកងទ័ព-ជនភៀសសឹក ដែលមានចំនួនថវិកាជាដុល្លារប្រហាក់ប្រហែលនឹង ១៩ ០០០ដុល្លារអាមេរិកនេះ គឺក្នុងនោះទទួលបានការបរិច្ចាគពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគនូវទឹកប្រាក់ចំនួន ៨ ០០០ដុល្លារ ដែលជាប្រាក់ចំណូលពីការលក់សំបុត្រក្នុងការប្រកួតគ្រុឌខេមបូឌានស៊ូបភើខាប់។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានបរិច្ចាគទឹកប្រាក់ចំនួន ៨ ០០០ ដុល្លារ ដែលជាប្រាក់ចំណូលពីថ្ងៃប្រកួត។ ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀងម្ចាស់ជើងឯកបានបរិច្ចាគទឹកប្រាក់ចំនួន ៣ ០០០ ដុល្លារ ដែលជាប្រាក់រង្វាន់ជ័យលាភីទាំងអស់។ សម្រាប់ថវិកាដែលទទួលបានទាំងអស់នឹងបរិច្ចាគជូនមូលនិធិ (CPL Cares Foundation) ដើម្បីគាំទ្រក្នុងការផ្តល់ជូនទៅកាន់ក្រុមគ្រួសារ បងប្អូនជនភៀសសឹកទាំងអស់ ដោយសារបញ្ហានាពេលថ្មីៗនេះនៅតាមបន្ទាត់ព្រំដែនកម្ពុជា។

គួររម្លឹកថា ការប្រកួតកីឡាបាល់ទាត់ គ្រុឌខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២៥នេះ គឺក្រុមព្រះខ័នរាជស្វាយរៀងដណ្តើមបានជ័យជម្នះលើក្រុមភ្នំពេញក្រោន ដោយការទាត់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៥-៣ បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ២-២ ក្នុងការប្រកួតពេញម៉ោង ៩០នាទី។ ប្រាក់រង្វាន់ជើងឯកនេះមានថវិកា ១២លានរៀល ត្រូវបានក្រុមព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកនេះបានប្រកាសបរិច្ចាគដល់មូលនិធិនេះ បន្ទាប់ពីក្លឹបព្រះខ័នរាជស្វាយរៀងបានបរិច្ចាគចំនួន ២០លានរៀល ម្តងហើយ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥កន្លងទៅ៕

ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបព្រះខ័នរាជស្វាយរៀង)





