ក្រុមព័ត៌មានប៊ុលហ្គារីទទួលបានភាពជោគជ័យជាប្រវត្តិសាស្ត្រនៅព្រឹត្តិការណ៍អូឡាំព៉្យាដអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ -- សមាគមក្រុមការងារអូឡាំពិកវិទ្យាសាស្ត្រធម្មជាតិ (NSOTA) បានរាយការណ៍ថា សិស្សវិទ្យាល័យកំពូលៗរបស់ប៊ុលហ្គារីផ្នែកព័ត៌មានវិទ្យា ទទួលបានមេដាយមាសចំនួនពីរ និងមេដាយប្រាក់ចំនួនពីរ នៅក្នុងការប្រកួតកម្មវិធីដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ដែលជាព្រឹត្តិការណ៍ប្រកួតអូឡាំព៉្យាដអន្តរជាតិក្នុងវិស័យព័ត៌មានវិទ្យាលើកទី៣៧ (IOI) ដែលបានធ្វើឡើងនៅទីក្រុងស៊ូក្រេរបស់ប្រទេសបូលីវី ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។ អ្នកចូលរួមសរុបចំនួន ៣៣០នាក់មកពី ៨៦ប្រទេសបានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះ។
សិស្សប៊ុលហ្គារីម្នាក់ឈ្មោះ វេសសេលីន ម៉ាកូវីច (Vesselin Markovich) មកពីវិទ្យាល័យគណិតវិទ្យាវ៉ាណា (ថ្នាក់ទី១២) បានបញ្ចប់ការប្រកួតប្រជែងដោយស្ថិតក្នុងចំណោមសិស្សកំពូលទាំង១០ នៅទូទាំងពិភពលោក។
សេចក្តីថ្លែងការណ៍របស់សមាគម NSOTA បាននិយាយថា «ភាពជោគជ័យនៅក្នុងឆ្នាំនេះ គឺជាលទ្ធផលល្អបំផុតរបស់ប្រទេសប៊ុលហ្គារីនៅក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ប្រកួតអូឡាំព៉្យាដអន្តរជាតិក្នុងវិស័យព័ត៌មានវិទ្យា។ នៅក្នុងចំណាត់ថ្នាក់ក្រុមក្រៅផ្លូវការ ប្រទែសប៊ុលហ្គារីស្ថិតនៅលំដាប់ទីបួនក្នុងពិភពលោក ដែលនាំមុខប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក និងជប៉ុនជាដើម»។
មេដាយមាសត្រូវបានប្រគល់ជូនសិស្សឈ្មោះ វេសសេលីន ម៉ាកូវីច និងសិស្សឈ្មោះ អាឡិចសាន់ដា ហ្គាតេវ (Aleksandar Gatev) (ថ្នាក់ទី១២ វិទ្យាល័យគណិតវិទ្យាសូហ្វីយ៉ា) ខណៈដែលមេដាយប្រាក់បានទៅលើសិស្សឈ្មោះ អេនដ្រេយ ស្តេហ្វាណូវ (Andrey Stefanov) (ថ្នាក់ទី១០ នៃវិទ្យាល័យឯកជនគណិតវិទ្យា និងវិទ្យាសាស្ត្រធម្មជាតិ) និងសិស្សឈ្មោះ បូរីស មីហូវ (Boris Mihov) (ថ្នាក់ទី១២ នៃវិទ្យាល័យ SMG)។ ក្រុមសិស្សានុសិស្សនេះត្រូវបានបង្វឹកដោយលោកគ្រូ អ៊ីលីយ៉ាន់ យ៉ូដាណូវ (Iliyan Yordanov) (មកពីវិទ្យាស្ថានគណិតវិទ្យា និងព័ត៌មានវិទ្យានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប៊ុលហ្គារី) និងលោកគ្រូ វីកតូ កូហ្ស៊ូហារ៉ូវ (Viktor Kozhuharov)។
មកទល់នឹងពេលនេះ សិស្សានុសិស្សប៊ុលហ្គារីទទួលបានមេដាយសរុបចំនួន ១៣១គ្រឿងនៅក្នុងប្រវត្តិសាស្ត្រការប្រកួតអូឡាំព៉្យាដ ដោយក្នុងនោះ រួមមានមេដាយមាស ២៩គ្រឿង មេដាយប្រាក់ ៥៧គ្រឿង និងមេដាយសំរឹទ្ធ ៤៥គ្រឿង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





