លោក ពូទីន នឹងជួបពិភាក្សាជាមួយមេដឹកនាំម៉ាឡេស៊ីនៅថ្ងៃទី០៦ ខែសីហា ខាងមុខនេះនៅទីក្រុងម៉ូស្គូ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានវិមានក្រឹមឡាំង បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងជួបពិភាក្សាជាមួយស្តេចម៉ាឡេស៊ី ព្រះអង្គម្ចាស់ ស៊ុលតង់ អ៊ីប្រាហ៊ីម នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងម៉ូស្គូ។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា «កិច្ចពិភាក្សារវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្តេច ស៊ុលតង់ អ៊ីប្រាហ៊ីម គ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងម៉ូស្គូ។ មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងរុស្ស៊ី-ម៉ាឡេស៊ី និងបញ្ហាអន្តរជាតិ និងតំបន់នាពេលបច្ចុប្បន្ន»។
មេដឹកនាំម៉ាឡេស៊ីនឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងជំនួបនៅវិមានក្រឹមឡាំងជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) លោក ពូទីន បានស្នើសុំអញ្ជើញព្រះមហាក្សត្រម៉ាឡេស៊ីទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានកត់សម្គាល់ថា វិមានក្រឹមឡាំងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយម៉ាឡេស៊ី ហើយអ្វីៗជាច្រើនកំពុងត្រូវបានរៀបចំសម្រាប់កិច្ចចរចានាពេលខាងមុខរវាងលោក ពូទីន និងប្រមុខរដ្ឋម៉ាឡេស៊ី។
ម៉ាឡេស៊ី គឺជារបបរាជានិយមជ្រើសរើសសហព័ន្ធ។ មេដឹកនាំកំពូល គឺស្តេច ដែលត្រូវបានជ្រើសរើសសម្រាប់អាណត្តិប្រាំឆ្នាំដោយរដ្ឋាភិបាលនៃរដ្ឋទាំងប្រាំបួនដែលបង្កើតសហព័ន្ធ។ ចាប់តាំងពីឆ្នាំ២០២៤ មក ស្តេចស៊ុលតង់នៃរដ្ឋចូហូ គឺព្រះអង្គម្ចាស់ អ៊ីប្រាហ៊ីម អ៊ីប៊ីអេន អ៊ីសកាន់ដារ (Ibrahim ibn Iskandar) បានឡើងកាន់តំណែងជាប្រមុខរដ្ឋនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





