លោក វីតកូហ្វ នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូនៅចុងសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ -- អ្នកតំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំអង្គការណាតូ លោក ម៉ាត់ វីតាគ័រ (Matt Whitaker) បាននិយាយថា បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) នឹងទៅបំពេញទស្សនកិច្ចនៅក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ីនៅចុងសប្តាហ៍នេះ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន NBC News ថា «ខ្ញុំដឹងថា លោក ស្ទីវ វីតកូហ្វ ដែលជាបេសកជនពិសេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ស្ថិតនៅក្នុងទីក្រុងម៉ូស្គូនៅចុងសប្តាហ៍នេះ ហើយខ្ញុំសង្ឃឹមថាលោកអាចទទួលបានជោគជ័យនៃដំណើរទស្សនកិច្ចនេះ»។
លោក វីតាគ័រ ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកចង់ឱ្យភាគីទាំងពីរយល់ស្របទៅលើកិច្ចព្រមព្រៀងមួយ ហើយលោកបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោក វីតកូហ្វ ទៅកាន់ប្រទេសរុស្ស៊ីនេះ ប្រហែលជានឹងទទួលបានផ្លែផ្កាខ្លះ។
នៅពេលមុននេះ សហរដ្ឋអាមេរិកបានប្រកាសពីផែនការរបស់លោក វីតកូហ្វ ដើម្បីបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែក្រោយមក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល បេសកជនពិសេសរបស់លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ លោក វីតកូហ្វ បានធ្វើទស្សនកិច្ចម្តងហើយម្តងទៀតនៅប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ ហើយបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





