ប្រទេសឡាវដាក់ឱ្យដំណើរការប្រព័ន្ធអត្តសញ្ញាណប័ណ្ណឌីជីថល
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសឡាវបានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងពលរដ្ឋ និងអត្តសញ្ញាណប័ណ្ណឌីជីថល ដែលគេជឿថាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសនេះ។
ពិធីសម្ភោធនៃការដាក់ឱ្យដំណើរការនេះ ធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ រដ្ឋធានីរបស់ប្រទេសឡាវ កាលពីថ្ងៃទី៣០ ខែកក្កដា ដោយមានមន្ត្រីជាន់ខ្ពស់ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបចូលរួម។
ថ្លែងនៅក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ លោក វីឡាយ ឡាខាំហ្វុង (Vilay Lakhamfong) បាននិយាយថា ប្រព័ន្ធនេះនឹងត្រូវអនុវត្តស្មើៗគ្នានៅគ្រប់កម្រិត ចាប់ពីថ្នាក់កណ្តាលរហូតដល់អាជ្ញាធរមូលដ្ឋាន។
លោកបានបន្តថា ប្រព័ន្ធនេះនឹងលើកកម្ពស់សមត្ថភាពជាតិក្នុងវិស័យអភិបាលកិច្ច សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
នៅក្នុងសុន្ទរកថារបស់លោក អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក ខាំគីង ភូឡាម៉ានីវង្ស (Khamking Phuilamanyvong) បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រព័ន្ធនេះសម្រាប់វិស័យការពារជាតិ សន្តិសុខសាធារណៈ និងកំណើនសេដ្ឋកិច្ច៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





