ហ្វីលីពីនព្រមានពីការកើនឡើងនៃជំងឺរលាកស្រោមខួរក្បាល បន្ទាប់ពីគ្រោះទឹកជំនន់ថ្មីៗនេះ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានជំរុញសាធារណជនឱ្យមានការប្រុងប្រយ័ត្ន ចំពេលដែលមានការកើនឡើងនៃជំងឺរលាកស្រោមខួរក្បាល បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលបង្កឡើងដោយខ្យល់មូសុងនិរតី និងព្យុះស៊ីក្លូនត្រូពិចជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ការព្រមានរបស់ក្រសួង DOH បានគូសបញ្ជាក់ពីហានិភ័យខ្ពស់នៃករណីស្លាប់ដោយសារជំងឺនេះ។
ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យស្វែងរកការយកចិត្តទុកដាក់ព្យាបាលនៅតាមមណ្ឌលថែទាំសុខភាព ប្រសិនបើពួកគេជួបប្រទះរោគសញ្ញានៃជំងឺនេះ ជាពិសេសបន្ទាប់ពីប៉ះពាល់នឹងទឹកជន់លិច ដើម្បីទទួលបានជំនួយទាន់ពេលវេលាពីវេជ្ជបណ្ឌិត និងអ្នកឯកទេស។
ចាប់តាំងពីដើមឆ្នាំនេះរហូតដល់ថ្ងៃទី១៩ ខែកក្កដា ក្រសួង DOH បានកត់ត្រាករណីជំងឺរលាកស្រោមខួរក្បាលចំនួន ៣.០៣៧ករណីនៅទូទាំងប្រទេស។ ក្នុងចំណោមករណីទាំងនោះ មាន ១.១១៤ករណីត្រូវបានរាយការណ៍បន្ទាប់ពីថ្ងៃទី០៨ ខែមិថុនា គឺត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីរដ្ឋបាលឧតុនិយមហ្វីលីពីនបានប្រកាសជាផ្លូវការនូវការចាប់ផ្តើមរដូវវស្សា។
ក្រសួង DOH ក៏បានប្រកាសផងដែរថា ករណីជំងឺរលាកស្រោមខួរក្បាលចំនួន ៥៦៩ករណីត្រូវបានកត់ត្រានៅក្នុងមន្ទីរពេទ្យទូទាំងប្រទេសនៅចន្លោះថ្ងៃទី១៣ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





