ឥណ្ឌា និងហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងដែនសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ -- នាវាកងទ័ពជើងទឹកឥណ្ឌា និងកងនាវាចរភាគខាងកើត បានទៅដល់ទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ សម្រាប់ដំណើរទស្សនកិច្ចមួយ។
ក្រសួងការពារជាតិឥណ្ឌាបានអះអាងថា ដំណើរទស្សនកិច្ចនេះ គឺជាសក្ខីភាពសម្រាប់ការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការពង្រឹងទំនាក់ទំនងក្នុងវិស័យការពារជាតិ និងដែនសមុទ្រជាមួយដៃគូក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក្នុងអំឡុងពេលស្នាក់នៅនៃដំណើរទស្សនកិច្ចនេះ កងទ័ពជើងទឹកទាំងពីរនឹងធ្វើការផ្លាស់ប្តូរវិជ្ជាជីវៈ ការពិភាក្សាអំពីប្រតិបត្តិការ ដំណើរទស្សនកិច្ចលើនាវា និងសកម្មភាពរួមគ្នាក្នុងគោលបំណងលើកកម្ពស់អន្តរប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមក។ គួរកត់សម្គាល់ថា ពួកគេគ្រោងនឹងធ្វើសមយុទ្ធដែនសមុទ្រទ្វេភាគីជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងតំបន់។
ដំណើរទស្សនកិច្ចនៃកងទ័ពជើងទឹកនៅកំពង់ផែដែលបានធ្វើឡើងនៅក្នុងកម្រិតនេះ កើតឡើងស្របពេលនៃដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ អ.ម៉ាកូស ជេអ. (Ferdinand R. Marcos Jr.) ទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី០៤-០៨ ខែសីហា ឆ្នាំ២០២៥ នេះ ដែលរំពឹងថានឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យការពារជាតិ សន្តិសុខដែនសមុទ្រ ការវិនិយោគ និងបច្ចេកវិទ្យាជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





