ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រក្នុងការពង្រឹងទំនាក់ទំនងឡាវ-រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅរុស្ស៊ី ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការពង្រឹងទំនាក់ទំនងជាប្រពៃណីរបស់ប្រទេសលោកជាមួយរុស្ស៊ី។
ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ គឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសរុស្ស៊ីរបស់លោកប្រធានាធិបតី ថងលូន ស៊ីស៊ូលីត ចាប់តាំងពីលោកឡើងកាន់តំណែងមក។
ក្នុងអំឡុងនៃកិច្ចពិភាក្សារវាងមេដឹកនាំឡាវ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ពួកគេបានពិនិត្យមើល និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរបស់ប្រទេសទាំងពីរ ដោយបាននិយាយថា ទំនាក់ទំនងនេះ គឺផ្អែកទៅលើការយល់ដឹង និងការគាំទ្រទៅវិញទៅមក រួមជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកប្រធានាធិបតីឡាវបានកោតសរសើរចំពោះជំនួយរបស់រុស្ស៊ី ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការបង្កើនកម្មវិធីអាហារូបករណ៍។
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលមួយចំនួន ដែលរួមមានទាំងវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងទេសចរណ៍ជាដើម។
នៅក្នុងជំនួបនោះ ពួកគេក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការព្រួយបារម្ភរួមផងដែរ។
ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹង និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនឡាវ និងរុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





