អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបរិស្ថាន និងការប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្តីពីបរិស្ថាន លើកទី៣៦ (ASOEN 36) បានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំនេះមានវគ្គសន្ទនាសំខាន់ៗចំនួន៣ គឺកិច្ចសន្ទនាអាស៊ាន-ជប៉ុនលើកទី១៩ ស្តីពីកិច្ចសហប្រតិបត្តិការបរិស្ថាន កិច្ចសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី៥ ស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងកិច្ចសន្ទនាកម្រិតខ្ពស់អាស៊ាន-អឺរ៉ុប ស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងធនធានធម្មជាតិ និងនិរន្តរភាពបរិស្ថាន (NRES) របស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា កិច្ចសន្ទនាទាំងនោះបានបម្រើជាវេទិកាយុទ្ធសាស្ត្រដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅអាស៊ាន និងដៃគូរបស់ពួកគេក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងបរិស្ថាន និងអាកាសធាតុ។
កិច្ចពិភាក្សាទាំងនោះបានផ្តោតជាពិសេសទៅលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីយុទ្ធសាស្ត្រអាស៊ាន ស្តីពីបរិស្ថាន និងអាកាសធាតុ (SPACE) ដែលជាគំនិតផ្តួចផ្តើមក្នុងតំបន់ដែលបង្កើតឡើងដើម្បីដោះស្រាយបញ្ហាបរិស្ថានសំខាន់ៗចំនួនបី ដែលរួមមានការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការបំពុល និងការអភិរក្សជីវៈចម្រុះ។
គំនិតផ្តួចផ្តើម និងកម្មវិធីជាច្រើនត្រូវបានកំណត់ដើម្បីគាំទ្រដល់ការដាក់ឱ្យដំណើរការនៃកម្មវិធី SPACE ក្នុងការស្វែងរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទូទាំងតំបន់ ដូចជាមជ្ឈមណ្ឌលចំណេះដឹងក្នុងតំបន់សម្រាប់កំទេចកំទីប្លាស្ទិកក្នុងសមុទ្រ (RKC-MPD) និងផែនការសកម្មភាពយុទ្ធសាស្រ្តស្តីពីការប្រែប្រួលអាកាសធាតុអាស៊ាន (ACCSAP)។
ក្រសួង NRES បានកត់សម្គាល់ថា ប្រតិភូទាំងអស់បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការទុកដាក់សំរាមក្នុងសមុទ្រ តាមរយៈការអនុវត្តសកម្មភាពរួមគ្នាក្រោមផែនការសកម្មភាពថ្នាក់តំបន់ ស្តីពីការទុកដាក់សំរាមតាមសមុទ្រ (RAP-MALI)។ ផែនការសកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាស៊ានក្នុងការពង្រឹងការធ្វើសមាហរណកម្មនៃការគ្រប់គ្រងកាកសំណល់សមុទ្រនៅកម្រិតតំបន់។
សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ប្រទេសម៉ាឡេស៊ីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តនៅក្នុងវិស័យមួយចំនួន ដូចជាការកសាងសមត្ថភាព ការអភិវឌ្ឍបច្ចេកទេស និងវេទិកាចែករំលែកព័ត៌មានដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងកាកសំណល់ ការអប់រំបរិស្ថាន ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ការបំពុលប្លាស្ទិក និងការអភិរក្សជីវៈចម្រុះ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានសមាជិកចំនួន ១០ប្រទេស ដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





