វិមានក្រឹមឡាំង៖ ក្រុមប្រទេសប្រ៊ីកស៍មិនធ្វើការងារប្រឆាំងនឹងប្រទេសផ្សេងទៀតឡើយ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ក្រុមប្រទេសប្រ៊ីកស៍ (BRICS) មិនឆ្លើយតបទៅនឹងការគំរាមកំហែង និងមិនដឹកនាំការងាររបស់ពួកគេប្រឆាំងនឹងរដ្ឋដទៃទៀតឡើយ។
ជាការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានតាសស៍ (TASS) ទាក់ទងនឹងគោលជំហររបស់សម្ព័ន្ធភាពចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការដាក់ពន្ធគយក្នុងកម្រិតខ្ពស់នោះ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា «ក្រុមប្រទេសប្រ៊ីកស៍មិនឆ្លើយតបទៅនឹងការគំរាមកំហែងនោះទេ។ ក្រុមប្រទេសប្រ៊ីកស៍មិនដែលដឹកនាំសកម្មភាពរបស់ខ្លួនប្រឆាំងនឹងប្រទេសណាមួយឡើយ ព្រោះនោះមិនមែនជាគោលបំណងរបស់ក្រុមប្រទេសប្រ៊ីកស៍ទេ»។
យោងតាមអ្នកនាំពាក្យនេះ បានឱ្យដឹងថា ក្រុមប្រទេសប្រ៊ីកស៍ត្រូវបានបង្កើតឡើង និងកំពុងអភិវឌ្ឍន៍ដើម្បីឱ្យប្រទេសនានាអាចធ្វើកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានផលប្រយោជន៍ទៅវិញទៅមក។ លោក ប៉េសកូវ បានសន្និដ្ឋានថា «នោះគឺជាគោលបំណងរបស់ក្រុមប្រទេសប្រ៊ីកស៍ ដោយមិនមែនបង្កើតឡើងដើម្បីប្រឆាំងនឹងនរណាម្នាក់ឡើយ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





