ប្រទេសកាណាដានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងខែកញ្ញា
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក កានេយ (Mark Carney) បាននិយាយថា ប្រទេសកាណាដានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងអំឡុងពេលសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញាខាងមុខ។
លោក កានេយ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ប្រទេសកាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ»។
យោងតាមលោក កានេយ បានឱ្យដឹងថា សេចក្តីសម្រេចនេះ គឺផ្អែកទៅលើការសន្យារបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាប់បាស់ (Mahmoud Abbas) នៅក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច ដែលរួមមានទាំងការរៀបចំការបោះឆ្នោតជាសកលនៅក្នុងឆ្នាំ២០២៦ ដែលក្រុមហាម៉ាស់នឹងមិនចូលរួមទេ ក៏ដូចជាការធ្វើឱ្យរដ្ឋប៉ាឡេស្ទីនគ្មានយោធា។
នាយករដ្ឋមន្ត្រីកាណាដាក៏បានទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅសេសសល់ដែលចាប់បានដោយក្រុមហាម៉ាស់ ក៏ដូចជាបានរិះគន់ទៅលើអ៊ីស្រាអែលចំពោះវិបត្តិមនុស្សធម៌កាន់តែយ៉ាប់យ៉ឺនទៅនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
កាលពីដើមខែនេះ ប្រទេសបារាំង និងចក្រភពអង់គ្លេសក៏បានបញ្ចេញចេតនាទទួលស្គាល់ឯករាជ្យរបស់ប៉ាឡេស្ទីនផងដែរ ហើយការប្រកាសនេះត្រូវបានរិះគន់ដោយអ៊ីស្រាអែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





