រដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ចប់ការដាក់រដ្ឋក្នុងគ្រាអាសន្ន
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបញ្ចប់ការដាក់រដ្ឋក្នុងគ្រាអាសន្នដែលបានដាក់ចេញអស់រយៈពេល ៤ឆ្នាំកន្លងមករបស់ប្រទេស ដោយបានបង្កើនការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែធ្នូ។
អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក ហ្សាវ មីនទុន (Zaw Min Tun) បាននិយាយនៅក្នុងសារជាសំឡេងមួយដែលបានចែករំលែកជាមួយអ្នកសារព័ត៌មានថា ការដាក់រដ្ឋក្នុងគ្រាអាសន្នត្រូវបានលុបចោលហើយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ។
នាថ្ងៃដដែលនោះ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិមីយ៉ាន់ម៉ា (NDSC) បានបង្កើតរដ្ឋាភិបាលសហជីពថ្មី ដែលដឹកនាំដោយលោក យូ នីយ៉ូសាវ (U Nyo Saw) និងគណៈកម្មការសន្តិសុខ និងសន្តិភាពរដ្ឋ ដែលដឹកនាំដោយលោកឧត្តមសេនីយ មីន អ៊ុងលាំង (Min Aung Hlaing)។
កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២១ ប្រធានាធិបតីស្តីទីរបស់មីយ៉ាន់ម៉ា លោក យូ មីយីន ស្វេ (U Myint Swe) បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ និងផ្ទេរអំណាចអធិបតេយ្យភាពទៅឱ្យអគ្គមេបញ្ជាការនៃសេវាកម្មការពារជាតិ។ ការិយាល័យអគ្គមេបញ្ជាការរងនៃកងយោធពលមីយ៉ាន់ម៉ា បានបង្កើតក្រុមប្រឹក្សារដ្ឋបាលរដ្ឋជាបន្តបន្ទាប់ដែលមានលោក មីន អ៊ុលាំង ជាប្រធាន។ ក្រុមប្រឹក្សា NDSC បានធ្វើការដាក់ប្រទេសក្នុងគ្រាអាសន្ននេះបន្ថែមរយៈពេល៦ខែទៀតអស់ជាច្រើនដងរហូតមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





