មេដឹកនាំឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ពិភាក្សាគ្នាអំពីបញ្ហាទាក់ទងនឹងព្រំដែន
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីឥណ្ឌូណេស៊ី លោកស្រី ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានជួបប្រជុំគ្នានៅវិមានប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងព្រំដែន និងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំនួនអ្នកនេសាទដែលត្រូវបានចាប់ខ្លួននៅក្នុងដែនទឹករបស់គ្នាទៅវិញទៅមក។
កិច្ចប្រជុំនោះបានធ្វើឡើងជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៅកាន់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៥ សម្រាប់កិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំលើកទី១៣ រវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីអូណូ (Sugiono) បាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីវឌ្ឍនភាពដែលប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រួមទាំងកិច្ចចរចាព្រំដែន និងការកាត់បន្ថយចំនួនអ្នកនេសាទនៅក្នុងតំបន់នីមួយៗ ដែលពីមុនជាបញ្ហាសំខាន់រវាងប្រទេសទាំងពីរ។
លោកបាននិយាយបន្ថែមថា ថ្នាក់ដឹកនាំទាំងពីរក៏បានលើកឡើងផងដែរអំពីការបង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍សម្រាប់កុមារនៃពលករចំណាកស្រុកឥណ្ឌូណេស៊ីនៅឧបទ្វីបម៉ាឡេស៊ី រដ្ឋសាបាហ៍ និងរដ្ឋសារ៉ាវ៉ាក់។ មជ្ឈមណ្ឌលទាំងនេះមានគោលបំណងធានានូវលទ្ធភាពទទួលបានការអប់រំសម្រាប់កុមារឥណ្ឌូណេស៊ីដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី អាន់វ៉ា ក៏បានទៅបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ផងដែរ។ នៅទីនោះ លោកបានអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីលើកកម្ពស់ការជឿទុកចិត្តជាយុទ្ធសាស្ត្រ កិច្ចសន្ទនា និងការឯកភាពគ្នាទាំងពាក្យសំដី និងសកម្មភាព ដើម្បីរក្សាភាពជាកណ្តាលរបស់ប្លុក និងកសាងសហគមន៍តំបន់មួយដ៏រឹងមាំ មានសន្តិភាព និងវិបុលភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





