មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈដែលគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរវាយប្រហារភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- ប្រជាជនប្រមាណជិត ១០.៤០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួន២៤ នៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរបានវាយប្រហារទីក្រុងប៉ាអានក្នុងរដ្ឋកាយីន ដោយធ្វើឱ្យទន្លេថាន់វីនលើសពីកម្រិតគ្រោះថ្នាក់។
យោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា កម្រិតទឹកក្នុងទីក្រុងប៉ាអាន បានកើនឡើង ១,៨ម៉ែត្រលើសពីកម្រិតគ្រោះថ្នាក់ ហើយត្រូវបានគេរំពឹងថានឹងនៅតែស្ថិតក្នុងកម្រិតនេះយ៉ាងហោចណាស់មួយថ្ងៃទៀត។
អាជ្ញាធរក្នុងរដ្ឋកាយីនរួមជាមួយនឹងម្ចាស់ជំនួយកំពុងផ្តល់គ្រឿងផ្គត់ផ្គង់សំខាន់ៗ ខណៈដែលក្រសួងសុខាភិបាលកំពុងផ្តល់ការថែទាំ និងព្យាបាលដល់ប្រជាពលរដ្ឋដែលរងគ្រោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





