តុលាការថៃពន្យារពេលផុតកំណត់សម្រាប់ការការពារក្តីរបស់លោកស្រី ផែថុងថាន ជាលើកចុងក្រោយ
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ -- តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានផ្តល់ការពន្យារពេលសម្រាប់នាយករដ្ឋមន្ត្រីព្យូរតួនាទី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) រហូតដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ដើម្បីដាក់ពាក្យការពារក្តីរបស់លោកស្រីក្នុងសំណុំរឿងក្រមសីលធម៌ខ្ពស់ ដែលបានធ្វើឱ្យលោកស្រីត្រូវបានព្យួរពីតួនាទីជានាយករដ្ឋមន្រ្តីជុំវិញការដោះស្រាយជម្លោះព្រំដែន។
តុលាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ថា ការពន្យាពេលនេះគឺជាលើកចុងក្រោយ ហើយតុលាការនឹងបន្តសំណុំរឿងនេះដោយមិនគិតថាតើវាទទួលបានការការពារក្តីរបស់លោកស្រីឬក៏អត់នោះទេ។ កន្លងមក តុលាការបានផ្តល់ការពន្យារពេលរយៈពេលពីរសប្តាហ៍ដល់លោកស្រី ផែថុងថាន រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីដាក់ពាក្យការពារក្តី។
តុលាការបានផ្អាកតួនាទីលោកស្រី ផែថុងថាន ជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីសមាជិកព្រឹទ្ធសភាមួយក្រុមដែលបានចោទប្រកាន់លោកស្រីពីបទបំពានក្រមសីលធម៌ បន្ទាប់ពីមានការបែកធ្លាយការសន្ទនាតាមទូរសព្ទជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពីការប្រឈមមុខដាក់គ្នាតាមព្រំដែនរវាងប្រទេសទាំងពីរ។
លោកស្រី ផែថុងថាន បានឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីអ្នកអតីតនាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងករណីដែលទាក់ទងនឹងក្រមសីលធម៌ស្រដៀងគ្នានេះ ជុំវិញការតែងតាំងរដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីថៃ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





