ឧបនាយករដ្ឋមន្ត្រីគុយបាជួបពិភាក្សាជាមួយអគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីគុយបា លោក ចច ល្វីស តាពៀ ហ្វុនសេកា (Jorge Luis Tapia Fonseca) បានជួបជាមួយអគ្គនាយកនៃអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លោក គូ ដុងយូ (Qu Dongyu) នៅខាងក្រៅកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិលើកទី២។ យោងតាមស្ថានទូតគុយបាដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា លោក តាពៀ ហ្វុនសេកា បានថ្លែងអំណរគុណដល់អង្គការ FAO សម្រាប់កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងនិរន្តរភាពជាមួយគុយបាក្នុងវិស័យសំខាន់ៗ ដូចជាវិស័យសន្តិសុខស្បៀង កសិកម្មនិរន្តរភាព និងការកសាងសមត្ថភាពជាតិជាដើម។
កិច្ចប្រជុំលើកនេះបានសន្និដ្ឋានថា ភាគីទាំងពីរបានព្រមព្រៀងគ្នាទៅលើតម្រូវការក្នុងការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីប្រឈមមុខនឹងបញ្ហាជាសកលនាពេលបច្ចុប្បន្ននេះ។
ឧបនាយករដ្ឋមន្ត្រីគុយបា បន្ថែមពីលើការចូលរួមក្នុងព្រឹត្តិការណ៍ជាន់ខ្ពស់របស់អង្គការសហប្រជាជាតិដែលរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសអេត្យូពី និងអ៊ីតាលី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា បានជួបពិភាក្សាជាផ្លូវការជាមួយសមភាគីអេត្យូពី លោក តេមេសគែន ទីរូណេស (Temesgen Tiruneh) និងជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហាដេរ៉ា អាបេរ៉ា (Hadera Abera)។
កិច្ចប្រជុំនោះបានធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងទីក្រុងហាវ៉ាណា និងទីក្រុងអាដឌី អាបាបា ក៏ដូចជាដើម្បីស្វែងរកផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





