កងទ័ពជើងទឹកចិន និងរុស្ស៊ីធ្វើសមយុទ្ធ និងល្បាតដែនសមុទ្ររួមគ្នា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក ហ្សាង សៅហ្គាង (Zhang Xiaogang) បាននិយាយថា កងទ័ពជើងទឹកចិន និងរុស្ស៊ីនឹងធ្វើសមយុទ្ធរួមគ្នាមួយនៅក្នុងដែនសមុទ្រ និងដែនអាកាសនៅជិតទីក្រុងវ្លាឌីវ៉ូស្តុក ប្រទេសរុស្ស៊ីក្នុងខែសីហា។
លោក ហ្សាង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា បន្ទាប់ពីសមយុទ្ធនេះ កងកម្លាំងចូលរួមមួយចំនួនពីភាគីទាំងពីរនឹងធ្វើការល្បាតដែនសមុទ្ររួមគ្នាលើកទី៦ រវាងកងទ័ពជើងទឹកចិន និងរុស្ស៊ីនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
យោងតាមអ្នកនាំពាក្យ បានឱ្យដឹងថា សមយុទ្ធនេះ គឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងយោធាចិន និងរុស្ស៊ី មិនត្រូវបានដឹកនាំដោយភាគីទីបីណាមួយឡើយ និងមិនទាក់ទងទៅនឹងស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្ននោះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





