ប្រធានាធិបតីតួកគី និងកាហ្សាក់ស្ថានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការវិនិយោគ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គេន (Recep Tayyip Erdogan) និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានជួបពិភាក្សាគ្នានៅទីក្រុងអង់ការ៉ាកាលពីថ្ងៃអង្គារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោក អឺដូហ្គេន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំថាពួកគេបានពិភាក្សាអំពីវិធី «ដើម្បីបង្កើនបរិមាណនៃការដឹកជញ្ជូនប្រេងរបស់ប្រទេសកាហ្សាក់ស្ថានទៅកាន់ទីផ្សារពិភពលោកតាមរយៈប្រទេសតួកគី»។
លោកបានបន្ថែមថា ប្រទេសតួកគី និងប្រទេសកាហ្សាក់ស្ថានមានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមទាំងវិស័យការពារជាតិ ថាមពល ពាណិជ្ជកម្ម និងការប្រឆាំងភេរវកម្ម ដោយលោកបានគូសបញ្ជាក់ពីវិស័យថាមពលជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូរបស់ពួកគេ។
យោងតាមលោក អឺដូហ្គេន បានឱ្យដឹងថា មេដឹកនាំទាំងពីរក៏បានពិនិត្យឡើងវិញនូវ «គម្រោងជាក់ស្តែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យយោធា និងការពារជាតិ» និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកម្ម។
ចំណែកឯលោក តូកាយ៉េវ បាននិយាយថា ពួកគេ «បានវាយតម្លៃលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ និងបានចុះហត្ថលេខាលើឯកសារអន្តររដ្ឋាភិបាល ដើម្បីធ្វើឱ្យទំនាក់ទំនងរបស់យើងបានប្រសើរឡើងវិញលើវិស័យផ្សេងៗ»។
លោក តូកាយ៉េវ បាននិយាយថា ពាណិជ្ជកម្មរបស់ប្រទេសកាហ្សាក់ស្ថានជាមួយប្រទេសតួកគីបានកើនលើសចំនួន ២ប៊ីលានដុល្លារអាម៉េរិក។ លោកបានបន្ថែមថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវការលើកទឹកចិត្តពិសេសដល់ក្រុមហ៊ុនតួកគីសម្រាប់ការបន្តប្រព័ន្ធផ្លូវដែករបស់ប្រទេសកាហ្សាក់ស្ថាន និងការធ្វើឱ្យដំណើរការឡើងវិញនៃពាណិជ្ជកម្មតាមសមុទ្រនៅសមុទ្រកាសព្យែន»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





