មេដឹកនាំឥណ្ឌូណេស៊ី និងម៉ាឡេស៊ីពិភាក្សាអំពីបញ្ហាព្រំដែន និងអ្នកនេសាទ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ -- មេដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារ អំពីបញ្ហាព្រំដែន និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយចំនួនអ្នកនេសាទដែលត្រូវបានចាប់ខ្លួននៅក្នុងដែនទឹករបស់គ្នាទៅវិញទៅមក។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ីប៊ីអានតូ (Prabowo Subianto) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ារ អ៊ីប្រាហ៊ីម (Anwar Ibrahim) បានជួបពិភាក្សាគ្នានៅឯវិមានប្រធានាធិបតីឥណ្ឌូនេស៊ីសម្រាប់ការពិគ្រោះយោបល់ប្រចាំឆ្នាំលើកទី១៣ រវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ស៊ីជីអូណូ បាននិយាយថា «មេដឹកនាំទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពដែលយើងសម្រេចបានក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រួមទាំងការចរចាព្រំដែន និងការកាត់បន្ថយចំនួនអ្នកនេសាទក្នុងតំបន់នីមួយៗ ដែលពីមុនជាបញ្ហាសំខាន់រវាងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី»។
លោកបានបន្ថែមថា មេដឹកនាំទាំងពីរក៏បានលើកឡើងអំពីការបង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍សម្រាប់កុមារនៃពលករចំណាកស្រុកឥណ្ឌូណេស៊ីនៅទីក្រុងផេនីនស៊ូឡា ម៉ាឡេស៊ី ទីក្រុងសាបាហ៍ និងខេត្តសារ៉ាវ៉ាក់។ មជ្ឈមណ្ឌលទាំងនេះមានគោលបំណងធានានូវលទ្ធភាពទទួលបានការអប់រំសម្រាប់កុមារឥណ្ឌូនេស៊ីដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





